Tuesday 28 February 2017

សេចក្តីព្រាងវិសោធនកម្ម ច្បាប់គណបក្សនយោបាយ មាត្រា ០៦ ថ្មី

Personal Opinion 

ទីបំផុត សេចក្តីព្រាងវិសោធនកម្មច្បាប់ដ៏ចំរូងចំរាស់ និង ប្រកបដោយការរិះគន់ គ្រប់មជ្ឈដ្ឋានជាតិ និង អន្តរជាតិ បានត្រូវ ព្រឹទ្ធសភា អនុម័តទាំងស្រុងដោយលើដៃ សូមអាន ព៌តមានលំអិត នៅ ទីនេះ ។ 

បើទោះបីជាមានការបកស្រាយ របស់អ្នកនាំពាក្យ គណបក្សកាន់អំណាចយ៉ាងណាក្តី នណាក៏ដឹងដែរថា ច្បាប់នេះធ្វើឡើងក្នុងគោលបំណង សំដៅរំលាយ គណបក្សគូរប្រកួត(គណបក្សសង្គ្រោះជាតិ) ដែលមានអានុភាពប្រកួតនឹងគណបក្សប្រជាជនកម្ពុជា (គណបក្សកាន់អំណាច ជាង ៣ ទសវត្ស) ។  

ដើម្បីចង់ដឹងថា តើហេតុអ្វីច្បាប់នេះត្រូវបានគេរិះគន់ យ៉ាងខ្លាំងក្លា ចូរ យើងពិនិត្យ និង ពិចារណា លើមាត្រា ៦ ថ្មី នៃច្បាប់នេះ ៖ 
  • ចំណុច ២ នៃមាត្រា ៦ ថ្មី  ចែងថា "...... ធ្វើវិទ្ធង្សនា ប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ....... " ។ តើសកម្មភាពអ្វីខ្លះដែលចាត់ទុកថាជាសកម្មភាព វិទ្ធង្សនា? ក្រុមប្រឹក្សាធម្មនុញ្ញ និង ស្ថាប័នតុលាការ ដែលជាស្ថាប័ន ធានានូវការអនុវត្តន៏ច្បាប់ បកស្រាយច្បាប់ ឋិតក្រោយម ឥទ្ធិពលនយោបាយជាពិសេស ក្រោមឥទ្ធិពលរបស់ គណបក្សកាន់អំណាច ។ ដូច្នេះ ពាក្យ "វិទ្ធង្សនា" នេះនឹងក្លាយជាពាក្យគន្លឹះ ដើម្បីបំរើផលប្រយោជន៏ គណបក្សប្រជាជន កម្ពុជា តែប៉ុណ្ណោះ ។ គេអាចប្រើពាក្យ វិទ្ធង្សនា នេះ ក្រសោបលើក ការរិះគន់រដ្ឋាភិបាល(គោលនយោបាយ បញ្ហាព្រំដែន សិទ្ធិមនុស្ស) ការទំលាយឯកសារពុករលួយ ដែលសកម្មភាពទាំងអស់នេះ សុទ្ធសឹងជាសកម្មភាពប្រក្រតីរបស់បក្សប្រឆាំង និង ប្រជាពលរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ ដែលសិទ្ធិត្រូវបានធានា ។ 

  • ចំណុច ៣ នៃមាត្រា ៦ ថ្មី ចែងថា ".....ប៉ះពាល់សន្តិសុខ នៃរដ្ឋ។ " ។ តើសកម្មភាពអ្វីខ្លះដែលចាត់ទុកថា ប៉ះពាល់សន្តិសុខ នៃ រដ្ឋ ? កន្លងមក បាតុកម្មអហឹង្សា នៃ អ្នកគាំទ្រគណបក្សប្រឆាំង បាតុកម្មនៃជនរងគ្រោះដោយការរំលោភបំពានដីធ្លី តែងត្រូវបានគេបង្ក្រាប ក្រោមលេសថា "ប៉ះពាល់សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ" ។ អ្វីដែលគួរអោយអស់សំណើចជាងនេះ ទៅទៀតនោះ គឺ មានប្រពន្ធចុង ក៏ ប៉ះពាល់សន្តិសុខជាតិ  ដែរ ។ 
  • ចំណុច ៥ នៃមាត្រា ៦ ថ្មី ចែងថា "..... ញុះញង់ ដែលនាំអោយបែកបាក់ជាតិ "។ តើសកម្មភាពអ្វីខ្លះដែលចាត់ទុកថាជាការ ញុះញង់ អោយបែកបាកត់ជាតិ ? ជាថ្មីម្តងទៀត ការបកស្រាយត្រូវបានគេធ្វើឡើង ដើម្បីបំរើតែផលប្រយោជន៏ របស់គណបក្សកាន់អំណាច ។ ជាក់ស្តែង ការបកស្រាយពីបញ្ហាព្រំដែន របស់លោក អ៊ុំ សំអាន ត្រូវបានគេចាត់ទុកថាជា អំពើរញុះញង់
បើ ដូច្នេះ តើគណបក្សមិនមែនរដ្ឋាភិបាល និង ប្រជាពលរដ្ឋ នៅមានសិទ្ធិអំណាចអ្វី ដើម្បី និយាយការពិត ត្រួតពិនិត្យការអនុវត្តន៏ របស់រដ្ឋអំណាច និង ការពារខ្លួនពីការរំលោភបំពាន ?
ហេតុនេះហើយទើបខ្ញុំ គិតថា ច្បាប់នេះ ជា ច្បាប់បិសាច

Wednesday 15 February 2017

សេចក្តីព្រាងវិសោធនកម្ម ច្បាប់គណបក្សនយោបាយ មាត្រា ១៨ថ្មី

ខែ កុម្ភៈ ឆ្នាំ ២០១៧ 

ទីបំផុត សេចក្តីព្រាងវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ បានលេចចេញជារូបរាង តាមការផ្តួចផ្តើមគំនិត របស់ លោក ហ៊ុន សែន ក្នុងគោលបំណង កំទេចដៃគូប្រកួតនយោបាយ ដ៏ធំបំផុត នៅកម្ពុជា គឺ គណបក្សសង្គ្រោះជាតិ ។ ទោះបីអ្នកនាំពាក្យគណបក្សប្រជាជន បានប្រកែក និងមានលេសជាច្រើន ថាច្បាប់នេះគ្មានមហិច្ឆិតា គៀបសង្កត់បក្សប្រឆាំងក្តី ក៏ ប្រជាពលរដ្ឋខ្មែរទូទៅ ក្រុមអ្នកវីភាគ តាមដានសង្គម និង បណ្តាអ្នកឃ្លាំមើលអន្តរជាតិ មើលឃើញយ៉ាងច្បាស់ពី មហិច្ឆិតា រក្សាអំណាចរបស់ គណបក្សប្រជាជន រួចទៅហើយ ។ 

យើងលើកយក មានត្រា ច្បាប់ម្តងមួយៗ មកពិចារណា ។ 

នៅត្រង់ ចំណុច លេខ ១ ការដាក់ ឪសាន្តវាទ ៩០ ថ្ងៃ បង្ខំអោយគណបក្សនយោបាយ ត្រូវជ្រើសរើស ប្រធានបក្ស ថ្មី មកជំនួស តំណែង ដែលទំនេរនោះ មានន័យថា ៖
  • ទី១ ៖ ច្បាប់នេះជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ គណបក្ស នយោបាយ ដែលមាន លក្ខន្តិកៈរបស់គណបក្សរួចទៅហើយ ដែលមានចែក ពីនីតិវិធីក្នុងការជ្រើសរើស ថ្នាក់ដឹកនាំរបស់ខ្លួន
  • ទី២ ៖ នៅក្នុងស្ថានការណ៏នយោបាយបច្ចុប្បន្ន ច្បាប់នេះ មានចរន្ត ប្រឆាំងនឹងឆន្ទៈ នៃ គណបក្សសង្គ្រោះជាតិ ដែល ចង់រក្សាតំណែងប្រធានគណបក្ស អោយនៅទំនេររហួតដល់ ពាក់កណ្តាល ឆ្នាំ ២០១៨ ។ សូម បញ្ជាក់ថា លោក សម រង្សុី បានប្រកាសលាលែងពីតំណែងប្រធាន គណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ទី ១១ កុម្ភៈ ២០១៧ ថ្មីៗនេះ ។ យើងយោងតាម ឪសាន្តវាទ រយៈពេល ៣ ខែ មានន័យថា តំណែងប្រធានគណបក្សសង្គ្រោះជាតិ ត្រូវតែបំពេញ ជាកំហិត យ៉ាងយូរបំផុតត្រឹម ដើម ខែ ឧសភា ឆ្នាំ ២០១៧យ៉ោងតាមសំដី លោក សុខ ទូច បានអោយដឹងថា គណបក្សដែលគ្មានប្រធាន ដឹកនាំ នឹងឈានទៅដល់ការ រំលាយ ....
នៅត្រង់ ចំណុច លេខ ២ ច្បាប់នេះសរសេរ មិនបានច្បាស់លាល់ទាល់តែសោះ ពីមុខតំណែង និង តួនាទី ដែល មាត្រា នេះ នឹងត្រូវយកទៅអនុវត្តន៏ ។ 
  • ទី១ ៖ ភាពស្រពិចច្រពិលនៃច្បាប់នេះ អនុញ្ញាតអោយតុលាការ ដែលមិនឯករាជ្យ (នៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច) អាចបកស្រាយ ដើម្បី បំរើមហិច្ឆិតា នយោបាយរបស់ពួកគេ ។
  • ទី២ ៖ ច្បាប់នេះ ចូលទៅកកូ កកាយ កិច្ចការផ្ទៃក្នុងរបស់គណបក្ស នយោបាយ ដោយចំហ ។ ឋិនក្នុងស្ថានភាពជាក់ស្តែង រដ្ឋាភិបាលដឹកនាំ បក្សកាន់អំណាច គណបក្សកាន់អំណាច មានសិទ្ធិអំណាច ទាំងស្រុង លើរដ្ឋាភិបាល ដូច្នេះ មានន័យស្មើ បក្សកាន់អំណាច ជ្រៀតជ្រែកកិច្ចការគណបក្សផ្សេងៗ ដោយប្រើប្រាស់ច្បាប់ជាឧបករណ៏ និង យន្តការរដ្ឋ ជាអ្នកអនុវត្តន៏
ជា សរុបសេចក្តី កម្ពុជា កំពុង ឆ្ពោះទៅរក របប ឯកបក្ស ....

២៤ ម៉ោង ក្រោយការប្រកាស លាលែង ពីមុខតំណែង របស់លោក សម រង្សុី

ថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០១៧ ពីទីក្រុងបារីស ប្រទេសបារាំង លោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជេញ លិខិត សុំលាលែង ពីមុខតំណែង ប្រកបដោយការភ្ញាក់ផ្អើល ទាំងក្នុងស្រទាប់មហាជន អ្នកគាំទ្រ អ្នកតាមដាន និង អ្នកវិភាគ បញ្ហាសង្គម នយោបាយ ។ ខាងក្រោយ នេះ ជាសម្រង់ព្រឹត្តិការណ៏ ក្នុងរយៈពេល ២៤ ម៉ោងក្រោយការប្រកាស លាលែងតំណែងរបស់លោក សម រង្សុី ។ 

លោក គឹម សុខ អ្នកវិភាគនយោបាយ និង សង្គម បានបញ្ចេញ ទស្សនៈ ថា ៖ ការសំរេចចិត្ត របស់លោក សម រង្សុី គឺ ជាវិធីសាស្ត្រឆ្លាតបំផុត ក្នុងកាលៈទេសនយោបាយបច្ចុប្បន្ន ។ ឆ្លាតនៅត្រង់ថា បើសិនជាច្បាប់ស្តីពីគណបក្សនយោបាយ ដែលគេធ្វើវិសោធនកម្ម និងប្រុងដាក់អោយ រដ្ឋសភា អនុម័ត និង អនុវត្តន៏ ទៅតាមបំណងនយោបាយរបស់គេបាន ដូច្នេះ បើលោក សម រង្សុី មិនលាលែង គណបក្សសង្គ្រោះជាតិ នឹង មានបញ្ហា កាន់តែធំឡើងៗ។ បញ្ហាធំ នៅត្រង់ថា គាត់នឹងអស់សិទ្ធិជាប្រធានគណបក្ស ហើយក្នុងពេលភ្លាមៗ គាត់មិនអាចរៀបចំ រកអ្នកថ្មីមកជំនួស ដែលតំណាងអោយសម្ព័ន្ធភាពរបស់គាត់ និង លោក កឹម សុខា នោះទេ។  ដូច្នេះការលាលែងរបស់គាត់នៅពេលនេះ ជាវិធីឆ្លាតបំផុត ។ ឆ្លាតត្រង់ថា មានពេលគ្រប់គ្រាន់ នឹងជជែកជាមួយ លោក កឹម សុខា ដើម្បីរកអ្នកណាដែលជាប្រធានថ្មី និង មានសមត្ថភាព ជំនួសគាត់ ក្នុងសម្ព័ន្ធភាព រវាងគាត់ នឹង លោក កឹម សុខា ។ សូមស្តាប់សំលេង លោក គឹម សុខ ផ្ទាល់ តាម Link នេះ ។ 

លោក គឹម សុខ បានបន្តថា ប្រធានបក្សថ្មី អាចជាអ្នកមានសមត្តភាព មានប្រជាប្រិយ កំរិតអន្តរជាតិ ឧទាហរណ៏ លោកស្រី ជូឡុង ស៊ូម៉ូរ៉ា ឬ លោកស្រី មួរ សុខហួរ ។ល។ ការលាលែងរបស់ លោក សម រង្សុី ក្នុងតំណាក់កាលនេះមានន័យថា គាត់បានរៀបចំខ្លួន និង មានពេលគ្រប់គ្រាន់  ក្នុងការរៀបចំផ្ទៃក្នុងបក្សរបស់គាត់ កុំអោយធ្លាក់ចូលក្នុងអន្ទាក់នយោបាយ នៃច្បាប់ថ្មី ដែលនឹងបណ្តេញគាត់ចេញ និង គ្មានសិទ្ធិ ។ ដូច្នេះ គេមានលេសគ្រប់គ្រាន់ក្នុងការរើសប្រធានថ្មី ទៅតាមល្បិចកលនយោបាយ ដូចដែលធ្លាប់កើតមាន លើ គណបក្ស ហ្វ៊ុនសុិនបុិច កន្លងមក ។ 

ជីវិតនយោបាយរបស់អ្នកនយោបាយ មិនអាចចប់ទេទោះបីជាគាត់ប្រើពាក្យ លាលែងក៏ដោយ ដរាបប្រជាជន នៅតែគាំទ្រក្នុងចំនួនច្រើន លើសលប់ ក្នុងចំនួនមួយដែលអាចឈ្នះបាន នោះជីចវិតនយោបាយរបស់គាត់មិនចប់ទេ ។ មិនចប់នៅត្រង់ថា គាត់លាលែងហើយ គាត់ រើសអ្នកថ្មី ទៅដឹកនាំក្នុងនាមសម្ព័ន្ធភាពរបស់គាត់ និង លោក កឹម សុខា

ខាងក្រោមនេះ ជាទស្សនៈយល់ឃើញរបស់លោក ព្រាប កុល ប្រធាន អង្គការ តម្លាភាព កម្ពុជា ដែលខ្ញុំបានដកស្រង់ចេញពី Facebook របស់លោកផ្ទាល់ ។


Wednesday 8 February 2017

កោះត្រល់ នៅតែជាកម្មសិទ្ធិ របស់ កម្ពុជា

ដោយលោក គឹម សុខ
អ្នកវិភាគ សង្គម និង នយោបាយ

នៅ កោះត្រល់ នៅតែជារបស់ខ្មែរ រីឯអ្នកបើដៃអោយ វៀតណាម គ្រប់គ្រង គឺ ក្រុម អ្នកដឹកនាំមានមុខដូចបច្ចុប្បន្ន

- មានគេថា កោះត្រល់ មិនស្ថិតក្នុងផែនទីខ្មែរទំហំ ១៨១ ០៣៥ គីឡូម៉ែត្រ ការ៉េ ដែលមានតម្កល់ទុកនៅអង្គការសហប្រជាជាតិ នោះទេ។ យ៉ាងណា គេ គួរពិចារណាថា តើមេដឹកនាំ ជប៉ុន ភ្លើឬ ដែលបានចាញ់សង្គ្រាមលោកលើក ទី២ ខែ មេសា ១៩៤៥ ទាំងបាត់បង់ កោះគូរីស ទៅក្រោមការត្រួតត្រារបស់ រុស្ស៊ី ដល់បច្ចុប្បន្ន ហើយ ជប៉ុន នៅតែប្តឹងទាមទារ រហូតដល់ឥឡូវ ?

- ខ្សែបន្ទាត់ ប្រេវីយេ “Ligne Brevie” ដែលធ្វើនៅក្រោមការដឹកនាំ និង ការទទួលខុសត្រូវរបស់ លោក Jules Brevie អគ្គទេសាភិបាលបារាំង នៅ កូសាំងស៊ីន គឺជាខ្សែបន្ទាត់រដ្ឋបាល ដើម្បីសំរួលការគ្រប់គ្រងរដ្ឋបាល សន្តិសុខ និង ការប្រមូលពន្ធ ហើយពុំមែនជា ខ្សែបន្ទាត់ព្រំដែន ទេ។ លោក ប្រេវីយេ បានបញ្ជាក់ច្បាស់ថា រឿងនេះទុកសិទ្ធិអោយមានការតវ៉ាគ្នា រវាងកម្ពុជា និង កូសាំងស៊ីននៅថ្ងៃក្រោយទៀត ។


- ខ្មែរពេលនោះ គឺ ជារដ្ឋសមាគត ដែលស្ម័គ្រចិត្តចូលក្នុង សហភាពបារាំង។ ប្រទេសក្នុងឈ្មោះវៀតណាមមិនទាន់មានទេ គឺ មានតែអាណ្ណាម។

- ការតវ៉ា មានជាហូរហែរ តាំងពីមុន និងក្រោយពេលបារាំងកាត់ កូសាំងស៊ីន អោយអាណ្ណាម នៅថ្ងៃ ៤ មិថុនា ១៩៤៦ (តាមការបកស្រាយ ស្រាវជ្រាវពីប្រភពចម្រុះ ៖ ទាំងអ្នកជំនាញច្បាប់ ដូចជាលោកបណ្ឌិត សាយ បូរី ឯកសារពីបណ្ណាល័យបារាំង មេធាវីអន្តរជាតិ និង អ្នកជំនាញស្រាវជ្រាវ មានលោក ស៊ាន ប៉េងសែ) ដូចមានបង្ហាញខាងក្រោម ៖

-- មុនសភា បារាំង ប្រគល់ កូសាំងស៊ីន អោយ អាណ្ណាម ហ្លួង នរោត្តម សីហនុ បានបញ្ជូនរាជគណៈប្រតិភូជាន់ខ្ពស់ ឬ រាជតំណាងពិសេស ទាំងព្រះរាជសារ ផ្លូវការតវ៉ាដល់ប្រធានាធិបតីបារាំង សភាតំណាងរាស្ត្របារាំង មមាញឹកជាបន្តបន្ទាប់ ដូចជានាយករដ្ឋមន្ត្រី  ទ្រង់ យុត្តិវង្ស ប្រធានសភា លោក អៀវ កើស លោក សឺន សាន (ពេលខ្លះក្នុងឋានៈ ជានាយករដ្ឋមន្ត្រី និង ពេលខ្លះទៀតជារាជតំណាងជាន់ខ្ពស់) លោក យ៉ែម សំបូរ លោក ធន់ អ៊ុក លោក ឈាន រ៉ម លោក ម៉ៅ ចយ ជាដើម។

--ក្រោយបារាំងកាត់អោយ អាណ្ណាម ហើយ មានការតវ៉ារបស់សមាជិក សភាបារាំងជាច្រើន គាំទ្រជំហរកម្ពុជា ប៉ុន្តែ នៅពេលបោះឆ្នោត អ្នកគាំទ្រ និន្នាការភ្ជាប់ទឹកដីកូសាំងស៊ីន អោយអាណ្ណាមច្រើនជាង (ហូ ជីមិញ មានបណ្តាញកុម្មុយនីស្តច្រើនជាង ទាំងក្នុងសភាបារាំង ទាំងកម្លាំងបណ្តាញ នយោបាយ នៅប៉ារីស) ។

៤-- នៅឯ សន្និសិទក្រុងហ្សឺណែវ (Geneva) ថ្ងៃទី ២៤ មេសា ១៩៥៤ ស្តីពី ការបញ្ចប់សង្គ្រាមឥណ្ឌូចិនទី១ កម្ពុជា នៅតែបន្ត តវ៉ាប្រឆាំង នឹងការផ្ទេរដោយ មិនស្មើរភាពគ្នា និង អយុត្តិធ៌ម នៃ ទឹកដីកូសាំងស៊ីនរបស់ខ្លួន ទៅអោយ វៀតណាម ដោយ បារាំង ។ កម្ពុជា បានសង្កត់បង្ហាញពីការរក្សាសិទ្ធិ ដើម្បីប្តឹង ជំទាស់ករណីនេះ ទៅអង្គការសហប្រជាជាតិ។
-- ឆ្នាំ ១៩៥៥ សម្តេច នរោត្តម សីហនុ និង នាយករដ្ឋមន្ត្រីយួន ខាងត្បូង លោក ងោ ឌិនយៀម បានជួបគ្នា។ ព្រះអង្គរំលឹកថា កម្ពុជា រក្សាសិទ្ធិទាមទារ ទឹកដីក កម្ពុជា ក្រោម និង កោះត្រល់ ។ល។ មកជារបស់ កម្ពុជា វិញ ពីព្រោះ បារាំង បានកាត់អោយ វៀតណាម យ៉ាងអយុត្តិធ៌ម។

-- នៅថ្ងៃទី ០៧ មិថុនា១៩៥៧ សម្តេច នរោត្តម សីហនុ ប្រធាន ប្រឹក្សា រដ្ឋមន្ត្រី បានស្នើរតាមរយៈ លិខិតមួយ ទៅកាន់ លោក លន់ នល់ ដែលពេលនោះ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីធានានូវការការពារកោះទាំងឡាយ មាន ទីតាំងតាមបណ្តោយឈូងសមុទ្រសៀម (រួមមានកោះត្រល់ដែរ) និង ជាពិសេស ប្រជុំកោះ ឬ ក្រុមកោះ Poulo-Pangjang រួមមាន៖
-       កោះ ក្រចកសេះ => យួនហៅ កោះ Tho Chu
-       កោះ អាចម៏សេះ => យួនហៅ កោះ Poulo Wai
-       កោះ តាង

-- ថ្ងៃទី ៣០ ធ្នូ ឆ្នាំ ១៩៥៧ ក្នុង ព្រះរាជក្រឹត្យរបស់ព្រះអង្គ ស្តីពីការកំណត់ ព្រំដែន នៃខ្ពង់សមុទ្រ (ខ្ពង់ទ្វីប)កម្ពុជា ព្រះករុណា នរោត្តម សុរាម្រឹត បាន អះអាងជាថ្មីច្បាស់ៗថា កម្ពុជា រក្សាទុកសិទ្ធិជាប្រវត្តិសាស្ត្រ របស់ខ្លួនចំពោះ កោះត្រល់ (យោងប្រការ៦ នៃព្រះរាជក្រឹត្យ) ។

-- ឆ្នាំ ១៩៦៣ ក្នុងសៀវភៅភូមិសាស្ត្រកម្ពុជា <Cambodia Geography> ដែល បោះពុម្ភឆ្នាំ ១៩៦៣ ដោយ តាន់ គឹមហួន (Tan Kim Huon) ជារុក្ខក្សេត្រវិទូ បានចង្អុលបង្ហាញថា កោះត្រល់ពិតជាកោះមួយរបស់កម្ពុជា (យោងតាមផែនទី លេខ៣ ១២ និង លេខ ១៩)។
-- ឆ្នាំ ១៩៦៩ កោះត្រល់ (វៀតណាម ដាក់ឈ្មោះ ភូកុក Phu Quoc) គឺត្រូវបាន បញ្ចូលក្នុងបញ្ជីឈ្មោះជាផ្លូវការ នៃ កោះទាំងអស់របស់ខ្មែរ។ កោះត្រល់ នៅក្នុង លេខរៀងទី ៦១ ក្នុងបញ្ជី នៃ កោះខ្មែរទាំង ៦៤ ។

-- ថ្ងៃទី ០១ កក្កដា ១៩៧២ តាមក្រឹត្យថ្ងៃទី ០១ កក្កដា ១៩៧២ រដ្ឋាភិបាល សាធារណៈរដ្ឋខ្មែរ បានរក្សាការអះអាងជាថ្មី នៃអធិបតេយ្យភាពទឹកដី របស់ ខ្លួន លើខ្ពង់សមុទ្រ (ខ្ពង់ទ្វីប) ហើយបានប្រមានក្រុមហ៊ុន ប្រេងនានា អំពី ផលវិបាកទាំងឡាយនៃសកម្មភាពរបស់ពួកគេ ដែលទទួលរ៉ាប់រងក្នុងតំបន់នេះ (មានក្រុមហ៊ុនខ្លះរកស៊ី ឃុបឃិតជាមួយយួន ខ្លះជាមួយសៀម) ។ កោះត្រល់ នៅតែជារបស់កម្ពុជា ។

៤-១០- ផែនទីខ្មែរ ១៩៥៤- ១៩៧៣ ដែលត្រូវបានប្រើដោយសន្និសិទ ក្រុងប៉ារីស ស្តីពីការបញ្ចប់សង្គ្រាមឥណ្ឌូចិនលើកទី២ មានឃើញកោះត្រល់ ក្នុងដែនដី ខ្មែរ។ តំណាងវៀតណាម ដែលមានវត្តមានក្នុងសន្នសិទនោះ ក៏មិនបានតវ៉ា សោះឡើយ។

-១១- ឆ្នាំ ១៩៧៥ ដល់បំណាច់ឆ្នាំ ១៩៧៨ កោះត្រល់ឋិតនៅក្នុងស្ថានភាព ដែល ភាសាច្បាប់ហៅថា “Status Quo” គឺមានន័យថា ទុកស្ថានភាពអោយ នៅនឹង កន្លែងដដែលសិន រង់ចាំការដោះស្រាយត្រឹមត្រូវ ។

-១២- តាមពិតនៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ១៩៨២ ទើបគេឃើញកោះត្រល់ (យួនដាក់ឈ្មោះ ភូកុក Phu Quoc) និង កោះក្រចកសេះ (យួនហៅ Tho Chu) បានបង្ហាញនៅក្នុងទឹកដីវៀតណាម លើផែនទីភ្ជាប់ជាមួយ (សន្ធិសញ្ញា ស្តីពី តំបន់ទឹកប្រវត្តិសាស្ត្រ រវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធារណរដ្ឋ សង្គមនិយមវៀតណាម) ។ វៀតណាមបានភ្ជាប់តំបន់សមុទ្រទំហំ ៣ ម៉ឺនគីឡូម៉ែត្រការ៉េ (ហើយវៀតណាមបង្កើត តំបន់សមុទ្រប្រវត្តិសាស្ត្រ) ដែល ពង្រីកទំហំ ១ ម៉ឺនគីឡូម៉ែត្រការ៉េ ផុតពីកោះត្រល់បន្តិច។ ក្នុងសៀវភៅ ស្តីអំពី ព្រំដែនកម្ពុជា និង ខ្ពង់រាបដែនសមុទ្រ លោក ស៊ាន ប៉េងសែ បានពន្យល់ថា ការកាត់យកផ្ទៃសមុទ្រខ្មែរ កោះត្រល់ និង កោះក្រចកសេះ នេះ ជារបៀបមួយ មិនធ្លាប់មានសោះក្នុងពិភពលោក ។
បន្ថែមលើនេះទៀត កាលពីថ្ងៃទី ១២ ខែ មិនា ឆ្នាំ ១៩៨៦ ក្នុងពេលដែល រដ្ឋាភិបាលចំរុះ កម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ដែលពេលនោះកំពុងតែតតាំង ដោយកំលាំងអាវុធ ប្រឆាំងកងទ័ពយួន ឈ្លានពាននោះ រដ្ឋាភិបាលចំរុះនេះបានបដិសេធចោល និង ផ្តន្ទាទោសនូវ កិច្ចព្រមព្រៀង និង សន្ធិសញ្ញាទាំងអស់ ដែលធ្វើឡើងរវាងសាធារណរដ្ឋ សង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជា។

ម្យ៉ាងទៀតកិច្ចព្រមព្រៀង ឆ្នាំ ១៩៨២ ត្រូវបានចាត់ទុកជានិរាករណ៏ អស់ហើយ (អស់តំលៃ) ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីអំពី បញ្ហាកម្ពុជា នៅថ្ងៃទី ២៣ តុលា ១៩៩១ ព្រោះកិច្ចព្រមព្រៀងក្រុងប៉ារីស ត្រង់មាត្រា១ ចំណុច២(ឃ) ក្រោមឧបសម្ព័ន្ធទី៥ ចែងថា បញ្ចប់សន្ធិសញ្ញា និង កិច្ចព្រមព្រៀង ទាំងឡាយ ដែលមិនស្របនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និង ភាពមិនអាចរំលាយបាន នៃ ដែនដីអាព្យាក្រឹតភាព និង ឯកភាពជាតិ របស់ខ្លួន
ប៉ុន្តែ ឆ្នាំ ២០០៥ ក្រុមអ្នកកាន់អំណាចកម្ពុជា បានធ្វើសន្ធិសញ្ញាបំពេញ បន្ថែម ដែលមានវិសមតិភាព នឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ហើយ ទាញយកកិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ក្រោមការគ្រប់គ្រងរបស់កងទ័ព វៀតណាម ឈ្លានពាននោះ មកធ្វើជាអំណះអំណាងកាត់ កោះត្រល់អោយ វៀតណាម គឺ វៀតណាម ទើបហ៊ានចូលកាន់កាប់ និង អភិវឌ្ឍលើកោះត្រល់ ខ្មែរ ចាប់ពីឆ្នាំ ២០០៥ ប៉ុណ្ណោះ តាមការបើកដៃជ្រោមជ្រែងដោយរដ្ឋាភិបាល កម្ពុជា មានមុនមាត់ដូច អ្នកដឹកនាំសព្វថ្ងៃ។ ហេតុនេះអ្នកកាន់អំណាច បច្ចុប្បន្ន គឺជាអ្នកទទួលខុសត្រូវ មិនអាចប្រកែកបានឡើយ។


មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...