Wednesday 8 February 2017

កោះត្រល់ នៅតែជាកម្មសិទ្ធិ របស់ កម្ពុជា

ដោយលោក គឹម សុខ
អ្នកវិភាគ សង្គម និង នយោបាយ

នៅ កោះត្រល់ នៅតែជារបស់ខ្មែរ រីឯអ្នកបើដៃអោយ វៀតណាម គ្រប់គ្រង គឺ ក្រុម អ្នកដឹកនាំមានមុខដូចបច្ចុប្បន្ន

- មានគេថា កោះត្រល់ មិនស្ថិតក្នុងផែនទីខ្មែរទំហំ ១៨១ ០៣៥ គីឡូម៉ែត្រ ការ៉េ ដែលមានតម្កល់ទុកនៅអង្គការសហប្រជាជាតិ នោះទេ។ យ៉ាងណា គេ គួរពិចារណាថា តើមេដឹកនាំ ជប៉ុន ភ្លើឬ ដែលបានចាញ់សង្គ្រាមលោកលើក ទី២ ខែ មេសា ១៩៤៥ ទាំងបាត់បង់ កោះគូរីស ទៅក្រោមការត្រួតត្រារបស់ រុស្ស៊ី ដល់បច្ចុប្បន្ន ហើយ ជប៉ុន នៅតែប្តឹងទាមទារ រហូតដល់ឥឡូវ ?

- ខ្សែបន្ទាត់ ប្រេវីយេ “Ligne Brevie” ដែលធ្វើនៅក្រោមការដឹកនាំ និង ការទទួលខុសត្រូវរបស់ លោក Jules Brevie អគ្គទេសាភិបាលបារាំង នៅ កូសាំងស៊ីន គឺជាខ្សែបន្ទាត់រដ្ឋបាល ដើម្បីសំរួលការគ្រប់គ្រងរដ្ឋបាល សន្តិសុខ និង ការប្រមូលពន្ធ ហើយពុំមែនជា ខ្សែបន្ទាត់ព្រំដែន ទេ។ លោក ប្រេវីយេ បានបញ្ជាក់ច្បាស់ថា រឿងនេះទុកសិទ្ធិអោយមានការតវ៉ាគ្នា រវាងកម្ពុជា និង កូសាំងស៊ីននៅថ្ងៃក្រោយទៀត ។


- ខ្មែរពេលនោះ គឺ ជារដ្ឋសមាគត ដែលស្ម័គ្រចិត្តចូលក្នុង សហភាពបារាំង។ ប្រទេសក្នុងឈ្មោះវៀតណាមមិនទាន់មានទេ គឺ មានតែអាណ្ណាម។

- ការតវ៉ា មានជាហូរហែរ តាំងពីមុន និងក្រោយពេលបារាំងកាត់ កូសាំងស៊ីន អោយអាណ្ណាម នៅថ្ងៃ ៤ មិថុនា ១៩៤៦ (តាមការបកស្រាយ ស្រាវជ្រាវពីប្រភពចម្រុះ ៖ ទាំងអ្នកជំនាញច្បាប់ ដូចជាលោកបណ្ឌិត សាយ បូរី ឯកសារពីបណ្ណាល័យបារាំង មេធាវីអន្តរជាតិ និង អ្នកជំនាញស្រាវជ្រាវ មានលោក ស៊ាន ប៉េងសែ) ដូចមានបង្ហាញខាងក្រោម ៖

-- មុនសភា បារាំង ប្រគល់ កូសាំងស៊ីន អោយ អាណ្ណាម ហ្លួង នរោត្តម សីហនុ បានបញ្ជូនរាជគណៈប្រតិភូជាន់ខ្ពស់ ឬ រាជតំណាងពិសេស ទាំងព្រះរាជសារ ផ្លូវការតវ៉ាដល់ប្រធានាធិបតីបារាំង សភាតំណាងរាស្ត្របារាំង មមាញឹកជាបន្តបន្ទាប់ ដូចជានាយករដ្ឋមន្ត្រី  ទ្រង់ យុត្តិវង្ស ប្រធានសភា លោក អៀវ កើស លោក សឺន សាន (ពេលខ្លះក្នុងឋានៈ ជានាយករដ្ឋមន្ត្រី និង ពេលខ្លះទៀតជារាជតំណាងជាន់ខ្ពស់) លោក យ៉ែម សំបូរ លោក ធន់ អ៊ុក លោក ឈាន រ៉ម លោក ម៉ៅ ចយ ជាដើម។

--ក្រោយបារាំងកាត់អោយ អាណ្ណាម ហើយ មានការតវ៉ារបស់សមាជិក សភាបារាំងជាច្រើន គាំទ្រជំហរកម្ពុជា ប៉ុន្តែ នៅពេលបោះឆ្នោត អ្នកគាំទ្រ និន្នាការភ្ជាប់ទឹកដីកូសាំងស៊ីន អោយអាណ្ណាមច្រើនជាង (ហូ ជីមិញ មានបណ្តាញកុម្មុយនីស្តច្រើនជាង ទាំងក្នុងសភាបារាំង ទាំងកម្លាំងបណ្តាញ នយោបាយ នៅប៉ារីស) ។

៤-- នៅឯ សន្និសិទក្រុងហ្សឺណែវ (Geneva) ថ្ងៃទី ២៤ មេសា ១៩៥៤ ស្តីពី ការបញ្ចប់សង្គ្រាមឥណ្ឌូចិនទី១ កម្ពុជា នៅតែបន្ត តវ៉ាប្រឆាំង នឹងការផ្ទេរដោយ មិនស្មើរភាពគ្នា និង អយុត្តិធ៌ម នៃ ទឹកដីកូសាំងស៊ីនរបស់ខ្លួន ទៅអោយ វៀតណាម ដោយ បារាំង ។ កម្ពុជា បានសង្កត់បង្ហាញពីការរក្សាសិទ្ធិ ដើម្បីប្តឹង ជំទាស់ករណីនេះ ទៅអង្គការសហប្រជាជាតិ។
-- ឆ្នាំ ១៩៥៥ សម្តេច នរោត្តម សីហនុ និង នាយករដ្ឋមន្ត្រីយួន ខាងត្បូង លោក ងោ ឌិនយៀម បានជួបគ្នា។ ព្រះអង្គរំលឹកថា កម្ពុជា រក្សាសិទ្ធិទាមទារ ទឹកដីក កម្ពុជា ក្រោម និង កោះត្រល់ ។ល។ មកជារបស់ កម្ពុជា វិញ ពីព្រោះ បារាំង បានកាត់អោយ វៀតណាម យ៉ាងអយុត្តិធ៌ម។

-- នៅថ្ងៃទី ០៧ មិថុនា១៩៥៧ សម្តេច នរោត្តម សីហនុ ប្រធាន ប្រឹក្សា រដ្ឋមន្ត្រី បានស្នើរតាមរយៈ លិខិតមួយ ទៅកាន់ លោក លន់ នល់ ដែលពេលនោះ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីធានានូវការការពារកោះទាំងឡាយ មាន ទីតាំងតាមបណ្តោយឈូងសមុទ្រសៀម (រួមមានកោះត្រល់ដែរ) និង ជាពិសេស ប្រជុំកោះ ឬ ក្រុមកោះ Poulo-Pangjang រួមមាន៖
-       កោះ ក្រចកសេះ => យួនហៅ កោះ Tho Chu
-       កោះ អាចម៏សេះ => យួនហៅ កោះ Poulo Wai
-       កោះ តាង

-- ថ្ងៃទី ៣០ ធ្នូ ឆ្នាំ ១៩៥៧ ក្នុង ព្រះរាជក្រឹត្យរបស់ព្រះអង្គ ស្តីពីការកំណត់ ព្រំដែន នៃខ្ពង់សមុទ្រ (ខ្ពង់ទ្វីប)កម្ពុជា ព្រះករុណា នរោត្តម សុរាម្រឹត បាន អះអាងជាថ្មីច្បាស់ៗថា កម្ពុជា រក្សាទុកសិទ្ធិជាប្រវត្តិសាស្ត្រ របស់ខ្លួនចំពោះ កោះត្រល់ (យោងប្រការ៦ នៃព្រះរាជក្រឹត្យ) ។

-- ឆ្នាំ ១៩៦៣ ក្នុងសៀវភៅភូមិសាស្ត្រកម្ពុជា <Cambodia Geography> ដែល បោះពុម្ភឆ្នាំ ១៩៦៣ ដោយ តាន់ គឹមហួន (Tan Kim Huon) ជារុក្ខក្សេត្រវិទូ បានចង្អុលបង្ហាញថា កោះត្រល់ពិតជាកោះមួយរបស់កម្ពុជា (យោងតាមផែនទី លេខ៣ ១២ និង លេខ ១៩)។
-- ឆ្នាំ ១៩៦៩ កោះត្រល់ (វៀតណាម ដាក់ឈ្មោះ ភូកុក Phu Quoc) គឺត្រូវបាន បញ្ចូលក្នុងបញ្ជីឈ្មោះជាផ្លូវការ នៃ កោះទាំងអស់របស់ខ្មែរ។ កោះត្រល់ នៅក្នុង លេខរៀងទី ៦១ ក្នុងបញ្ជី នៃ កោះខ្មែរទាំង ៦៤ ។

-- ថ្ងៃទី ០១ កក្កដា ១៩៧២ តាមក្រឹត្យថ្ងៃទី ០១ កក្កដា ១៩៧២ រដ្ឋាភិបាល សាធារណៈរដ្ឋខ្មែរ បានរក្សាការអះអាងជាថ្មី នៃអធិបតេយ្យភាពទឹកដី របស់ ខ្លួន លើខ្ពង់សមុទ្រ (ខ្ពង់ទ្វីប) ហើយបានប្រមានក្រុមហ៊ុន ប្រេងនានា អំពី ផលវិបាកទាំងឡាយនៃសកម្មភាពរបស់ពួកគេ ដែលទទួលរ៉ាប់រងក្នុងតំបន់នេះ (មានក្រុមហ៊ុនខ្លះរកស៊ី ឃុបឃិតជាមួយយួន ខ្លះជាមួយសៀម) ។ កោះត្រល់ នៅតែជារបស់កម្ពុជា ។

៤-១០- ផែនទីខ្មែរ ១៩៥៤- ១៩៧៣ ដែលត្រូវបានប្រើដោយសន្និសិទ ក្រុងប៉ារីស ស្តីពីការបញ្ចប់សង្គ្រាមឥណ្ឌូចិនលើកទី២ មានឃើញកោះត្រល់ ក្នុងដែនដី ខ្មែរ។ តំណាងវៀតណាម ដែលមានវត្តមានក្នុងសន្នសិទនោះ ក៏មិនបានតវ៉ា សោះឡើយ។

-១១- ឆ្នាំ ១៩៧៥ ដល់បំណាច់ឆ្នាំ ១៩៧៨ កោះត្រល់ឋិតនៅក្នុងស្ថានភាព ដែល ភាសាច្បាប់ហៅថា “Status Quo” គឺមានន័យថា ទុកស្ថានភាពអោយ នៅនឹង កន្លែងដដែលសិន រង់ចាំការដោះស្រាយត្រឹមត្រូវ ។

-១២- តាមពិតនៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ១៩៨២ ទើបគេឃើញកោះត្រល់ (យួនដាក់ឈ្មោះ ភូកុក Phu Quoc) និង កោះក្រចកសេះ (យួនហៅ Tho Chu) បានបង្ហាញនៅក្នុងទឹកដីវៀតណាម លើផែនទីភ្ជាប់ជាមួយ (សន្ធិសញ្ញា ស្តីពី តំបន់ទឹកប្រវត្តិសាស្ត្រ រវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធារណរដ្ឋ សង្គមនិយមវៀតណាម) ។ វៀតណាមបានភ្ជាប់តំបន់សមុទ្រទំហំ ៣ ម៉ឺនគីឡូម៉ែត្រការ៉េ (ហើយវៀតណាមបង្កើត តំបន់សមុទ្រប្រវត្តិសាស្ត្រ) ដែល ពង្រីកទំហំ ១ ម៉ឺនគីឡូម៉ែត្រការ៉េ ផុតពីកោះត្រល់បន្តិច។ ក្នុងសៀវភៅ ស្តីអំពី ព្រំដែនកម្ពុជា និង ខ្ពង់រាបដែនសមុទ្រ លោក ស៊ាន ប៉េងសែ បានពន្យល់ថា ការកាត់យកផ្ទៃសមុទ្រខ្មែរ កោះត្រល់ និង កោះក្រចកសេះ នេះ ជារបៀបមួយ មិនធ្លាប់មានសោះក្នុងពិភពលោក ។
បន្ថែមលើនេះទៀត កាលពីថ្ងៃទី ១២ ខែ មិនា ឆ្នាំ ១៩៨៦ ក្នុងពេលដែល រដ្ឋាភិបាលចំរុះ កម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ដែលពេលនោះកំពុងតែតតាំង ដោយកំលាំងអាវុធ ប្រឆាំងកងទ័ពយួន ឈ្លានពាននោះ រដ្ឋាភិបាលចំរុះនេះបានបដិសេធចោល និង ផ្តន្ទាទោសនូវ កិច្ចព្រមព្រៀង និង សន្ធិសញ្ញាទាំងអស់ ដែលធ្វើឡើងរវាងសាធារណរដ្ឋ សង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជា។

ម្យ៉ាងទៀតកិច្ចព្រមព្រៀង ឆ្នាំ ១៩៨២ ត្រូវបានចាត់ទុកជានិរាករណ៏ អស់ហើយ (អស់តំលៃ) ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីអំពី បញ្ហាកម្ពុជា នៅថ្ងៃទី ២៣ តុលា ១៩៩១ ព្រោះកិច្ចព្រមព្រៀងក្រុងប៉ារីស ត្រង់មាត្រា១ ចំណុច២(ឃ) ក្រោមឧបសម្ព័ន្ធទី៥ ចែងថា បញ្ចប់សន្ធិសញ្ញា និង កិច្ចព្រមព្រៀង ទាំងឡាយ ដែលមិនស្របនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និង ភាពមិនអាចរំលាយបាន នៃ ដែនដីអាព្យាក្រឹតភាព និង ឯកភាពជាតិ របស់ខ្លួន
ប៉ុន្តែ ឆ្នាំ ២០០៥ ក្រុមអ្នកកាន់អំណាចកម្ពុជា បានធ្វើសន្ធិសញ្ញាបំពេញ បន្ថែម ដែលមានវិសមតិភាព នឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ហើយ ទាញយកកិច្ចព្រមព្រៀងឆ្នាំ ១៩៨២ ក្រោមការគ្រប់គ្រងរបស់កងទ័ព វៀតណាម ឈ្លានពាននោះ មកធ្វើជាអំណះអំណាងកាត់ កោះត្រល់អោយ វៀតណាម គឺ វៀតណាម ទើបហ៊ានចូលកាន់កាប់ និង អភិវឌ្ឍលើកោះត្រល់ ខ្មែរ ចាប់ពីឆ្នាំ ២០០៥ ប៉ុណ្ណោះ តាមការបើកដៃជ្រោមជ្រែងដោយរដ្ឋាភិបាល កម្ពុជា មានមុនមាត់ដូច អ្នកដឹកនាំសព្វថ្ងៃ។ ហេតុនេះអ្នកកាន់អំណាច បច្ចុប្បន្ន គឺជាអ្នកទទួលខុសត្រូវ មិនអាចប្រកែកបានឡើយ។


No comments:

Post a Comment

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...