Saturday 8 August 2015

ពិធីការស្តីពីការកំណត់ព្រំប្រទល់ និង ឧបសម្ព័ន្ធ នៃសន្ធិសញ្ញា ចុះថ្ងៃទី ២៣ មិនា ១៩០៧


ដកស្រង់ចេញពី៖ សៀវភៅ គណៈកម្មាធិការព្រំដែនកម្ពុជា 
បោះពុម្ភលើកទី២ ដោយលោក ស៊ាន ម៉ាសាវ៉ាង 
អគ្គលេខាធិការ គណៈកម្មាធិការព្រំដែនកម្ពុជា 


ដើម្បីសម្រួលដល់កិច្ចការគណៈកម្មការ ដែលបានគ្រោងទុកហើយតាម ប្រការបួន នៃសន្ធិសញ្ញាចុះ ហត្ថលេខា នាថ្ងៃនេះ និង ដើម្បីជៀសវាង ការលំបាក ដែលអាចនឹងកើតមានក្នុងការកំរិតព្រំប្រទល់ ន៎ុះ រដ្ឋាភិបាលបារាំង និង រាជរដ្ឋាភិបាលព្រះចៅប្រទេសសៀម បានព្រមព្រៀងចុះសម្រុងគ្នា ដូចតទៅ៖ 

មាត្រាមួយ ៖ ព្រំប្រទល់រវាងប្រទេសឥណ្ឌូចិនបារាំងសែស និង ប្រទេសសៀម ចាប់ផ្តើមចេញពីមាត់សមុទ្រ តាមចំណុចមួយនៅចំពីមុខ "កោះគុត" ត្រង់កំពូលខ្ពស់បំផុត។ វាចេញពីចំណុចនេះ ឆ្ពោះទៅទិស ឥឦសាន បន្តរហូតទៅដល់ កំពូលភ្នំក្រវាញ។ ត្រូវបញ្ជាក់ថា ទោះជាក្នុងករណីណាក៏ដោយ ជំរាលភ្នំនៅខាងកើតទាំងអស់នោះ មួយអន្លើ ដោយជល សីមា ខ្លងកោប៉ោ ត្រូវតែនៅជារបស់ ប្រទេសឥណ្ឌូចិនបារាំងសែស។ ព្រំប្រទល់នេះ បត់បែនតាម កំពូលភ្នំក្រវាញ តម្រង់ទៅទិលខាងជើងរហូតដល់ ភ្នំធំ លើបន្ទាត់ចែក ទឹក សំខាន់ទី១ រវាងស្ទឹងដែលហូរចាក់ទៅឈូងសមុទ្រសៀម និងស្ទឹងនានា ដែលហូរចាក់ទៅទន្លេសាប។ ចាប់ពីភ្នំមកព្រំប្រទល់នេះ តំបូងបង្អស់បែរតម្រង់ ទៅទិសពាយ័ព្យ រួចបានតម្រង់ទៅទិសខាងជើង ដែលជាព្រំប្រទល់បច្ចុប្បន្ន រវាងខេត្ត បាត់ដំបង មួយផ្នែក និង ព្រំប្រទល់ខេត្ត ចន្ទតាប៊ុន ជាមួយ ក្រាត មួយផ្នែកបន្តរហូតទៅដល់ចំណុច ដែលព្រំប្រទល់នេះកាត់ពុះ ស្ទឹងឈ្មោះ ណាយសាយ ។ ដូច្នេះវាត្រូវបត់បែនតាម លំបត់ស្ទឹង នេះរហូតទៅដល់កន្លែង ប្រសព្វមុខជាមួយ ស្ទឹង សេរីសោភ័ណ ហើយបន្តតាមស្ទឹងនោះឡើងទៅ ដល់ចំណុចមួយចំងាយ ១០ គីឡូម៉ែត្រ នៅខាងក្រោយ ក្រុង អារញ្ញ ។ ទីបំផុត ចាប់ពីចំណុចនេះទៅ វាបន្តជាបន្ទាត់ត្រង់ភ្លឹងរហូតទៅដល់ ចំណុចមួយនៅ ខ្នងភ្នំដងរែក ចំកណ្តាល ច្រកឈ្មោះ ចុងតាកោះ និង ចុងសាមេត ។ សូមបញ្ជាក់ថា បន្ទាត់ត្រង់នេះ ត្រូវទុកអោយមាន ផ្លូវបើកបរបាននៅក្នុងប្រទេសសៀម ក្នុងការទាក់ទងផ្ទាល់រវាង អារញ្ញ និង ចុងតាកោះ ។ ចាប់ពីចំណុចខាងលើនេះ នៅលើ កំពូលភ្នំដងរែក ទៅព្រំប្រទល់ ត្រូវបត់បែនតាមបន្ទាត់ចែកទឹក រវាងទំនាប (Bassin) ទន្លេសាប និង ទន្លេមេគង្គ មួយផ្នែក និង ទំនាប ទន្លេណាមមីន មួយផ្នែក ហើយចាក់ទៅដល់ ទន្លេមេគង្គ ពីខាងក្រោម ទន្លេ ប៉ាកមួន ត្រង់កន្លែងប្រសព្វមុខ ទន្លេហួយដូន ស្របតាមខ្សែបន្ទាត់ដែល គណៈកម្មាការកំរិតព្រំប្រទល់លើកមុន បានអនុម័ត កាលពីថ្ងៃទី ១៨ មករា ឆ្នាំ ១៩០៧ ។ ស្នាមគំនូសរូបរាង ស្តីពី ព្រំប្រទល់ខាងលើ មានដាក់ភ្ជាប់នៅនឹងពិធីការ នេះស្រាប់។ 

មាត្រាពីរ ៖ ពីខាង ទីក្រុងលួងប្រាបាង វិញ ព្រំប្រទល់នេះឃ្លាតចេញពី​ ទន្លេមេគង្គ ភាគខាងត្បូង ត្រង់កន្លែងប្រសព្វមុខ ទន្លេណាមហួង ហើយបត់បែនតាមផ្លូវនេះរហូតដល់ទីប្រសព្វវា នៅ ភូខាវមៀង ។ ចាប់ពីនោះទៅ ព្រំប្រទល់នេះបត់បែនទៅតាមបន្ទាត់បែងចែកទឹក រវាង ទន្លេមេកុង និង ទន្លេមេណាម ហើយចាក់ចូលទៅក្នុង ទន្លេមេគង្គ ត្រង់ចំណុចឈ្មោះ កេងថាដាយ ស្របទៅតាមខ្សែបន្ទាត់ ដែលគណៈកម្មការកំរិតព្រំប្រទល់មុន បានអនុម័តហើយ កាលពីថ្ងៃទី ១៦ មករា ១៩០៦

មាត្រាបី ៖ គណៈកម្មការកំណត់ព្រំប្រទល់ ដែលបានគ្រោងទុកហើយ ក្នុង ប្រការបួននៃសន្ធិសញ្ញាថ្ងៃនេះ នឹងត្រូសំរេចចិត្ត ហើយនឹងត្រូវគូស តាមពេលត្រូវការនៅលើដី នូវផ្នែកព្រំប្រទល់ដែលបានពោលរួចមកហើយ នៅក្នុង មាត្រាមួយ នៃពិធីការនេះ ។ ប្រសិនបើនៅពេលកំពុងប្រតិបត្តិការ កំរិតវាស់វែង រដ្ឋាភិបាលបារាំង ចង់បានសច្ចានុម័តិ ពីព្រំប្រទល់ក្នុងគោលបំណង នឹងយកបន្ទាត់តាមធម្មជាតិមកជំនួស បន្ទាត់ដែលបានសន្មត ន៎ុះ សច្ចានុម័តិនោះ មិនអាចធ្វើទៅបានឡើយ ទោះជាក្នុងករណីណាក៏ដោយ អោយតែមានការខូចខាត ប្រយោជន៏ប្រទេសសៀម ។ 

ជាភស្តុតាងនេះ បុណ្ណទូតនៃប្រទេសរៀងៗខ្លួន បានចុះហត្ថលេខា និង បានបោះត្រា នៅលើពីធីការ នេះស្រាប់។ 

ធ្វើជាពីរច្បាប់ នៅបាងកក ថ្ងៃទី ២៣ មិនា ឆ្នាំ ១៩០៧ 
ហត្ថលេខា៖ វ.កុល្លាំង (ដឺប្ល៉ង់សុី)
ឌេវវង្ស អរោប្រការ

ដើម្បីចម្លងចែក៖ 
ស៊ាន ប៉េងសែ

No comments:

Post a Comment

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...