Sunday 23 August 2015

ហ៊ុន សែន បញ្ជាអោយបន្តតាមចាប់ អ្នកដែលហ៊ាននិយាយ រិះគន់រដ្ឋាភិបាលពីបញ្ហាព្រំដែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាអោយមានការតាមចាប់ខ្លួនជាបន្តបន្ទាប់ នូវអ្នកទាំងឡាយណាដែល ហ៊ាននិយាយថា "ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់សំរាប់ការបោះបង្គោលព្រំដែនជាមួយប្រទេសយួន ជាផែនទីក្លែងក្លាយ"។ គួរបញ្ជាក់ថានៅថ្ងៃទី ១៨ សីហា ២០១៥ មន្រ្តីអង្គការសហប្រជាជាតិ បាននាំយកផែនទីកម្ពុជាខ្នាត UTM ចំនួន ១៨ ផ្ទាំងមកអោយកម្ពុជាខ្ចីប្រើតាមការស្នើសំុរបស់នាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន។ ហើយនៅថ្ងៃទី ២០ សីហា ក៏មានពិធីចុះហត្ថលេខា ប្រគល់នឹងទទួលផែនទី១៨ផ្ទាំង នៅវិមានសន្តិភាព។ សូមអានព៌តមានបន្ថែម នៅទីនេះ ។ 

នៅក្រោយពីការផ្ទៀងផ្ទាត់ផែនទី រដ្ឋាភិបាល និង ផែនទី ១៨ ផ្ទាំងរបស់អង្គការសហប្រជាជាតិ រដ្ឋាភិបាលបានប្រកាសថា ផែនទី ទាំងពីរ (រដ្ឋាភិបាល និង UN) គឺដូចគ្នាទាំងស្រុង។ ហើយលោក សុខ ទូច ក៏បានអះអាង ថា មានតែផែនទីរបស់រដ្ឋាភិបាលទើបអាចប្រើដើម្បីបោះបង្គោលជាមួយប្រទេសវៀតណាមបាន ។ 

ភ្លាមៗក្រោយពីការផ្ទៀងផ្ទាត់ រកឃើញថា ផែនទីរបស់រដ្ឋាភិបាល ដូចគ្នានឹងផែនទីរបស់ UN ហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើរសារតាមទូរស័ព្ទ ដោយប្រើពាក្យសំដីធ្ងន់ៗ ដាក់លោក សម រង្សី ដែលកំពុងបំពេញទស្សនៈកិច្ចនៅប្រទេស​អូស្រ្តាលី។ ខាងក្រោមនេះ ជាសារគំរាមរបស់លោក ហ៊ុន សែន ដែលដកស្រងចេញពីទំព័រ ហ្វេសប៊ុក មួយ៖ 
ដកស្រង់ចេញពី ហ្វេសប៊ុក លោក សុវណ្ណភូមិ ខ្មែរ
Page 1

Page 2

ក្រោយពី ការចាប់ខ្លួនលោក ហុង សុខហួរ ជាព្រឹទ្ធសមាជិកនៃ គណបក្សសមរង្សុី និងក្រោយមកត្រូវព្រឹទ្ធិសភាពប្រជំុដកអភ័យឯកសិទ្ធិ។ 
ថ្មីៗនេះទៀតមានព័តមានថា តុលាការបានកោះហៅ ជំនួយការលោក ហុង សុខហួរ និងអ្នកបច្ចេកទេស Facebook Page របស់លោក សម រង្សុី ដើម្បីអោយចូលខ្លួនស្រាយបំភ្លីនៅតុលាការ អំពីករណីបង្ហោះវីដេអូក្លីបរបស់លោក ហុង សុខហួរ ក្នុង Facebook Page លោក សម រង្សុី។ បើតាម ដំណឹងនេះ ថា ពួកគេបានរត់គេចខ្លួននៅក្រៅប្រទេសអស់ហើយ។ 


ដកស្រង់ចេញពីទំព័រហ្វេសប៊ុក លោក Ir Channa
ជាមួយគ្នានេះដែល លោក អៀ ចាន់ណា សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានអះអាងនៅក្នុងទំព័រហ្វេសប៊ុក របស់គាត់ថា អាជ្ញាធរក៏កំពុងតាមរកចាប់ខ្លួនលោកដែរ។ 
ការតាមចាប់បន្តចាប់ខ្លួនអ្នក និយាយពីបញ្ហាព្រំដែន មិនមែនជាគោលដៅតែមួយនោះទេ ពេលនេះ ការបញ្ចេញមតិនៅលើហ្វេសប៊ុក បានក្លាយជាគោលដៅ នៃការបង្ក្រាបផងដែរ។ យុវជនម្នាក់នេះ ជានិសិ្សតនៅ សាកលវិទ្យាល័យខេមរៈ ត្រូវបានចាប់ខ្លួនដោយសារ ការបង្ហោះ Status ក្នុង Facebook របស់លោក។ គង់ រ៉ៃ​យ៉ា បានសរសេរថា ថ្ងៃ​ណាមួយ​នៅពេល​ខាងមុខនេះ រូបគេ​នឹងធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្លាស់ប្តូរ​របប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ ទោះបីជា​ត្រូវ​ជាប់គុក ឬ​ស្លាប់​ក៏ដោយ»
ខាងក្រោមនេះជាព៌តមាន ពិស្តារ អំពីការចាប់ខ្លួនយុវជន គង់ រ៉ៃយ៉ា៖ គេហទំព័រវិទ្យុបារាំងជាភាសាខ្មែរ

អង្គការសង្គមសុីវិលបានហៅ ការចាប់ខ្លួន យុវជនរូបនេះថា ជា ការរំលោភសិទ្ធិបញ្ចេញមតិ។ 

Monday 17 August 2015

សំបុត្រ នាយករដ្ឋមន្រ្តីខ្មែរ ឆ្នាំ ១៩៥៧

ដកស្រង់ចេញពី៖ សៀវភៅ គណៈកម្មាធិការព្រំដែនកម្ពុជា 
បោះពុម្ភលើកទី២ ដោយលោក ស៊ាន ម៉ាសាវ៉ាង 
អគ្គលេខាធិការ គណៈកម្មាធិការព្រំដែនកម្ពុជា 
ទំព័រ ៤២

ទីស្តីការ
នាយករដ្ឋមន្រ្តី
នាយកដ្ឋាន... 
សង្ងាត់ប្រញាប់
លេខ ១១៣៤ PCM/AP/X

ព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ១៩៥៧
នាយករដ្ឋមន្រ្តី
មកដល់
លោក រដ្ឋមន្រ្តីក្រសួងការពារជាតិ
ក្រុងភ្នំពេញ 
កម្មវត្ថុ ៖ បណ្តាកោះនានាក្នុងឈូងសមុទ្រសៀម 

ខ្ញុំមានកិត្តិយស សូមអោយលោកមានបង្គាប់ទៅ ក្រុមនាវាចរខេមរភូមិន្ទ អោយរៀបចំណាត់ការ ការពារកោះនានា នៅតាមឈូងសមុទ្រសៀម ហើយជាពិសេសគឺ កោះតាំង កោះអាចម៏សេះ កោះក្រចកសេះ ដែលត្រូវតែអោយមាន ការគ្រប់គ្រងជាក់លាក់ និង ត្រួតត្រាអោយបានពេញលេញ ពីសំណាក់ព្រះរាជរដ្ឋាភិបាល ជាប្រយោជន៏ចាំបាច់ដល់ ការរីកចំរើនល្អប្រសើរ នៃដែនសមុទ្រផែកំពង់សោម។ 

ក្នុងន័យនេះ ខ្ញំុសូមអោយក្រុមនាវាចរខេមរភូមិន្ទ ជួយផ្តល់ការជ្រំជ្រែង និងជំនួយដល់លោកអភិបាល ខេត្តកំពតផង។ 

ព្រះហត្ថលេខា៖
នរោត្តម សីហនុ

ចម្លងជូន៖ 
  • ក្រសួងសាធារណការ
  • អភិបាលខេត្តកំពត
  • ព្រះរាជការិយាល័យ (ជាដំណឹង)
  • ឧបយុវរាជ

ព្រឹទ្ធសភា ប្រជុំដកអភ័យឯកសិទ្ធិ លោក ហុង សុខហួរ

ដកស្រងពី វិទ្យុអាសុីសេរី

លោក គង់ គាំ ប្រធានគណបក្ស សម រង្សុី បានប្រតិកម្មខ្លាំងៗទៅនឹងការកោះប្រជុំ របស់ព្រឹទ្ធសភាដើម្បី ដកអភ័យឯកសិទ្ធិរបស់ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា ខាងគណបក្ស សម រង្សី ដែលបានត្រូវចាប់ខ្លួនកាលពីថ្ងៃទី ១៥ សីហា ២០០១៥ ក្រោមបញ្ជារបស់ នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៣ សីហា ក្នុងពិធីប្រគល់សញ្ញាប័ត្រ។

ភ្លាមៗក្រោមបញ្ជារបស់ ហ៊ុន សែន កងកំលាំងពិសេសរបស់រដ្ឋា បានឡោមព័ទ្ធស្ថានទូតបារាំង និង  បណ្តាស្ថានទូតបណ្តាប្រទេស មហាអំណាចផ្សេង ក្រែង លោក ហុង សុខហូរ រត់ទៅរកអន្តរាគមន៏ នៅទីនោះ។

សមាជិកព្រឹទ្ធសភា គណបក្ស សម រង្សុីទាំងអស់ បានធ្វើពហិការមិនចូលរួម កិច្ចប្រជុំដកអភ័យឯកសិទ្ធិរបស់ លោក ហុង សុខហួរ ដោយបានហៅកិច្ចប្រជុំនេះថា ជាកិច្ចប្រជុំបង្គ្រប់កិច្ច។ សូមអាន ព៌តមានលំអិត ។ 

ខាងក្រោមនេះជារូបភាពខ្លះៗ អំពីព្រឹត្តិការណ៏ចាប់ ខ្លួនលោក ហុង សុខហួរ៖ 
លោក ហុង សុខហួរ នៅក្នុងគេហដ្ឋាន តំណាងរាស្រ្តម្នាក់ នៅភ្នំពេញ មុនពេលប្រគល់ខ្លួនអោយអាជ្ញាធរ

លោក ហុង សុខហួរ ដៃទាំង២ជាប់ខ្នោះទៅក្រោយ




លោក ហុង សុខហួរ និង ភរិយា លោកស្រី គន្ធ លំអង


លោក ហុង សុខហួរ ថ្ងៃទី ១៦ សីហា ២០១៥ នៅតុលាការក្រុងភ្នំពេញ ក្នុងខណៈលោកត្រូវបញ្ជូនខ្លួនទៅសាក សួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ចំនួន ៣ ករណី។ 
សូមអាន ព៌តមានលំអិត 

Sunday 16 August 2015

កម្ពុជា និង វៀតណាម មានបង្គោលព្រំដែន ១២៤ បង្គោល តាំងពីឆ្នាំ ១៨៧៣

ប្រភព ៖​ លោក ឌី ការ៉េត
អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា
ប្រចាំប្រទេសបារាំង និង ក្នុងពិភពលោក

ប្រភព៖ Facebook 
យ៉ោងតាមលិខិតមួយច្បាប់ ចុះហត្ថលេខាដោយលោក ឌី ការ៉េត ធ្វើ នៅទីក្រុងប៉ារីស ចុះថ្ងៃទិ ១៤ សីហា ២០១៥ ផ្ញើរជូនទៅ នាយកការផ្សាយនៃវិទ្យុអាសុីសេរី ជាភាសាខ្មែរ ដូចមានភ្ជាប់មកជាមួយស្រាប់។ 

សូមកត់សំគាល់ ចំណុចសំខាន់ៗជាប្រវត្តិសាស្រ្ត នៃលិខិតនេះដូចតទៅ៖
ថ្ងៃទី១៥ កក្កដា ១៨៧៣ អនុសញ្ញា បារាំង-កម្ពុជា បានចែងជាអាទិ៍ថា  " នឹងត្រូវមានការបោះបង្គោល កំណត់ ព្រំដែនកម្ពុជា-កូសាំងសុីន-បារាំង ចំនួន ១២៤ " ដោយមានការបញ្ជាក់ជាស្រេច នៅទីកន្លែងដែលគេ ត្រូវបោះបង្គោលទាំង ១២៤ នោះ។ អនុសញ្ញា បារាំង-កម្ពុជា នេះ ត្រូវបានគេចំលងទុកក្នុងសៀវភៅ លោក សារិន ឆាត ស្តីពី "ព្រំដែននៃកម្ពុជា" ចេញឆ្នាំ ១៩៦៦ ទំព័រ ២០២ ។ 

ថ្ងៃទី១៩ កក្កដា ១៩៩៣ សម្តេច នរោត្តម សីហនុ ក្នុងនាមព្រះអង្គជា ប្រមុខរដ្ឋនៃកម្ពុជា និងជាប្រធាននៃ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បានសរសេរលិខិតមួយទៅប្រាប់ សម្តេច នរោត្តម រណឬទ្ធិ និង លោក ហ៊ុន សែន ជាសហនាយកនៃរដ្ឋាភិបាលបណ្តោះអាសន្ន ដែលប្រុងទៅជួបមេដឹកនាំយួន នាទីក្រុងហាណូយ ថា អោយលោកទាំងពីរ សុំអោយរដ្ឋាភិបាលយៀកណាម "យកបង្គោលព្រំដែនទាំងអស់ រវាង កម្ពុជា-យៀកណាម មកដាក់ដាំនៅទីកន្លែងដើមវិញ"។ យើងយល់ថា "បង្គោលព្រំដែនទាំងអស់" ដែលសម្តេច នរោត្តម សីហនុ បានលើកឡើងនេះ គឺ លោកដៅលើបង្គោលចំនួន ១២៤ ខាងលើនេះ។

ថ្ងៃទី ១១ តុលា ឆ្នាំ ២០០៥ លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់នៅក្នុងរដ្ឋសភា ថា បង្គោល ព្រំដែនដីគោករវាង កម្ពុជា-យៀកណាម ក្នុងផ្នែកអតីតកូសាំងសុីន មានចំនួន ១២៤ ដែរ ។ ការបញ្ជាក់នេះត្រូវ បានសរសេរទុកក្នុងសៀវភៅតូចមួយ បោះពុម្ភដោយទីស្តីការគណរដ្ឋមន្រ្តី នាទីក្រុងភ្នំពេញ ចុះខែ មករា ២០០៧ ទំព័រ ៣៧។ 

បញ្ហានៃបង្គោលព្រំដែនទាំង ១២៤ នេះ ត្រូវបានលើកយកមក ចោទជាសំនួរដោយលោក កែម ឡី អ្នកវិភាគ ការវិវឌ្ឍន៏សង្គម នៅក្នុងទំព័រ Facebook ផ្លូវការរបស់លោក ដូចខាងក្រោមនេះ ៖ 
តើនណា អាចឆ្លើយសំនួរទាំង៥ របស់ លោក កែម ឡី? 


(សូមយុវជនកម្ពុជា តាមដាន ដោយយកចិត្តទុកដាក់ កំុបីធ្វេសប្រហែលឡើយ យើងនឹងស្វែងរក ចំលើយ និងដំណោះស្រាយទាំងអស់ គ្នា)

សារលិខិត របស់ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើរថ្វាយអតីតព្រះមហាក្សត្រ ?

ប្រភព ៖ Facebook 
សូមបញ្ជាក់ថា ឯកសារនេះមិនមែនជាឯកសាររបស់ អាដមីនប្លកស្ពត ទេ។ អាដមីន បានដកស្រកឯកសារនេះចេញពី បណ្តាញសង្គម Facebook ។ អាដមីន មិនទទួលខុសត្រូវចំពោះគុណភាពនៃឯកសារ ថា តើជាឯកសារ ពិត ឬ ឯកសារប្រឌិត? អាដមីន បង្ហោះឯកសារនេះ ដើម្បីរក្សាទុកជាឯកសារ សំរាប់ការស្រាវជ្រាវ ជាបន្តបន្ទាប់នាពេលអនាគត នូវបញ្ហាទាំងឡាយពាក់ព័ន្ធ នឹងព្រំដែនកម្ពុជា។ 
Source : Facebook
អាមីន សូមចំលងចេញ ខ្លឹមសារទាំងស្រុង ពីសារលិខិតនេះ ដើម្បីងាយស្រួលក្នុងការអាន ៖

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
*******
រាជរដ្ឋាភិបាលកម្ពុជា
លេខ ៖ ១១៦ លស
សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ព្រះករុណាជាម្ចាស់ជីវិតលើត្បូង

ទូលបង្គំបានទទួលរួចហើយនូវព្រះរាជសារ ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០០ ដែលក្នុងនោះមានការលើកទូលថ្វាយព្រះករុណាថ្លៃវិសេស អំពី កង្វល់ចំពោះបញ្ហា ព្រំដែនកម្ពុជា-វៀតណាម ដែលដល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនាឆ្នាំ ១៩៧៩ ឆ្នាំ១៩៨២ និងឆ្នាំ១៩៨៥ រវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម។ 

ចំពោះបញ្ហានេះ ទូលព្រះបង្គំជាខ្ញុំផ្ទាល់ សូមព្រះរាជានុញ្ញាតទូលថ្វាយព្រះករុណាជាម្ចាស់ជីវិតតំកល់លើត្បូង ដូចមានខ្លឹមសារ តទៅ៖ 
  1. ក្រោយពីកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជំលោះកម្ពុជា នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ត្រូវបានចូលជាធរមាន ជាពិសេសខ្លឹមសារក្នុងចំណុចទី II មាត្រាទី ១ ត្រង់ចំណុច ឃ បានចែងថា បញ្ចប់សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយដែលមិនសមស្របទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលាយបាននៃដែនដី អាព្យាក្រឹតភាព និង ឯកភាពជាតិរបស់ខ្លួន គឺតាមទូលព្រះបង្គំជាខ្ញុំយល់ឃើញថា មានអត្ថន័យគ្រប់គ្រាន់តាមផ្លូវច្បាប់សំរាប់អនុវត្តន៏ទៅលើបណ្តាសន្ធិសញ្ញា ឬ  កិច្ចព្រមព្រៀងទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីខ្លឹមសារ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
  2. បន្ទាប់ពីបានបង្កើតឡើងនូវរាជរដ្ឋាភិបាលចំរុះ នាថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ការងារទំនាក់ទំនង និង សហប្រតិបត្តិការអន្តរជាតិ ជារួម ត្រូវបានពង្រឹងនិងពង្រីកអោយកាន់តែល្អប្រសើរក្នុងនោះ កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង ជាពិសេសជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានកែប្រែតាមរូបភាពថ្មី ឆ្លងតាមរយៈនៃការផ្លាស់ប្តូរទស្សនៈកិច្ចជាផ្លូវការ របស់គណៈប្រតិភូជានខ្ពស់ខាងនីតិបញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិ រវាងប្រទេសទាំងពីរកន្លងមក។ 
ផ្អែកតាមសភាពការណ៏បច្ចុប្បន្ន និងផ្អែកតាមយោបល់ទាំងពីរចំណុចដូចបានទូលថ្វាយខាងលើ ទូលព្រះបង្គំជាខ្ញុំយល់ឃើញថា រាជរដ្ឋាភិបាលពុំគួរដាក់ចេញសេចក្តីថ្លែងការណ៏ជាផ្លូវការ និង ចំហរស្តីអំពីការដាក់មោឃភាព នៃបណ្តាកិច្ចព្រមព្រៀង និង សន្ធិសញ្ញាមួយចំនួន ជាមួយប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះទេ ដោយទុកឪកាសជូន គណៈកម្មាការចំរុះព្រំដែនកម្ពុជា-វៀតណាម ដែលបានកំពុងនឹងបន្តធ្វើការចរចារយ៉ាងស្វិតស្វាញ រហូតដល់ទទួលបានលទ្ធផលល្អក្នុងទីបញ្ចប់ ។

ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាល សូមព្រះរាជានុញ្ញាតប្រសិទ្ធិពរថ្វាយព្រះករុណាថ្លៃវិសេស និង សម្តេចព្រះរាជអគ្គមហេសី ជាទីគោរពសក្ការៈ សូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឈ្លៀងឃ្លាតឡើយ។ 

សូមព្រះករុណាជាម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះរាជអគ្គមហេសីជាទីសក្ការៈ ព្រះមេត្តាទទួលនូវគាវរភក្តីដ៏ស្មោះ និង ការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ។ 
រាជធានីភ្នំពេញ,  ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០០
នាយករដ្ឋមន្រ្តី
ហ៊ុន សែន

ហេតុអ្វី លោក ស៊ាន ប៉េងសែ មិនបានដឹងអំពីការប្រគល់ផែនទី ពីក្រុមរបស់លោក ទៅក្រុមបណ្ឌិត សុខ ទូច?


ដកស្រង់ចេញពី គេហទំព័រ អាសុីសេរី



លោកបណ្ឌិត សុខ ទូច បានអះអាងម្តងហើយម្តងទៀតថា លោក បានទទួលផែនទីពីគ្រប់ភាគី ក្នុងនោះក៏បានទទួលពី គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រទេស​បារាំង និង​ក្នុង​ពិភពលោក របស់លោក ស៊ាន ប៉េងសែ ដែរ។ 

ដោយឡែកនៅ ថ្ងៃទី ១១ សីហា គឺមួយថ្ងៃក្រោយពេលការបដិសេធ របស់លោក ស៊ាន ប៉េងសែ ក្រុមរាជបណ្ឌិសភារបស់លោក សុខ ទូច បានមានប្រត្តិកម្ម បកស្រាយឆ្លើយតបវិញ ដោយ អះអាង​ថា "អគ្គហិរញ្ញិក​របស់​លោក ស៊ាន ប៉េងសែ គឺ​លោក ហម ប៊ុនឆាយ បាន​ផ្ញើ​មក​ក្រុម​ការងារ​របស់​លោក​ចំនួន​ ៣​លើក លើក​ទី១ ​ចំនួន ​៤៦​សន្លឹក លើក​ទី​២ ឯកសារ​ជា​សំណេរ​ស្ដីពី​សកម្មភាព​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ​ប្រទេស​បារាំង និង​ក្នុង​ពិភពលោក ៤៨៦​ទំព័រ និង​ចុងក្រោយ​គឺ​ផែនទី​ ១២៦​សន្លឹក​នៃ​ប្រទេស​កម្ពុជា​ ទាំងមូល និង​បណ្ដោយ​ព្រំដែន"។ សូមអានព៌តមានបន្ថែម នៅទីនេះ 


វាជារឿងគួរអោយឆ្ងល់ថា ហេតុអ្វីបានជាលោក ស៊ាន ប៉េងសែ ដែលជាប្រធាន គណៈកម្មាធិការព្រំដែនកម្ពុជា មិនបានដឹងពីការប្រគល់ផែនទី ទៅអោយក្រុមស្រាវជ្រាវនៃរាជបណ្ឌិតសភា របស់លោក សុខ ទូច? នៅក្នុងវាទិកាអ្នកស្តាប់វិទ្យុអាសុីសេរី លោក សុខ ទូច បានប្រមានថា លោក នឹងចាក់បង្ហាញ សារអុីម៉ែល និងសំលេង ទំនាក់ទំនងរបស់ក្រុមលោកផ្ទាល់ និង លោក ស៊ាន ប៉េងសែ ប្រសិនបើលោក ស៊ាន ប៉េងសែ នៅតែប្រកែកទៀត។ សូមស្តាប់សំលេង របស់ បណ្ឌិត សុខ ទូច៖ 

ជាមួយគ្នានេះ លោក ស៊ាន ប៉េងសែ ក៏​បាន​គូស​បញ្ជាក់​ថា ផែនទី​របស់​លោក​មាន​នោះ គឺ​ជា​ផែនទី​កម្ពុជា ខ្នាត ១/១០០.០០០ ចំនួន ១២៦​ផ្ទាំង ដែល​បាន​រៀបចំ​ដោយ​ប្រទេស​បារាំង ចន្លោះ​ពី​ឆ្នាំ​១៩៣៣ និង​ឆ្នាំ​១៩៥៣ ហើយ​បាន​វិទ្យាស្ថាន​ភូមិសាស្ត្រ​បារាំង បោះ​ពុម្ព​ផ្សាយ ហើយ​ថា គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រទេស​បារាំង និង​ក្នុង​ពិភពលោក គ្មាន​ទំនាក់ទំនង និង​ការ​ទទួល​ខុស​ត្រូវ​បែប​ណា​មួយ​ជាមួយ​ភ្នាក់ងារ​ណា ឬ​ក្រុម​ណា​ឡើយ

តើវាអាចទៅរួចឬទេ ដែលមានពាក្យចចាមអារាម ថា "សហការីរបស់លោក ស៊ាន ប៉េងសែ មិនមានភាពស្មោះត្រង់ជាមួយ លោក" ទើបមានការប្រគល់ផែនទីទៅអោយ ក្រុមរាជបណ្ឌិតសភា ដោយលោក ស៊ាន ប៉េងសែ មិនបានដឹង? ហើយប្រកាសបង្ការជាស្រេចថា គណកម្មាធិការរបស់លោក មិនទទួលខុសត្រូវ ចំពោះភ្នាក់ងារណា ឬ ក្រុមណាឡើយ? 

Thursday 13 August 2015

ហ៊ុន សែន បញ្ជាអោយតាមចាប់ លោក ហុង សុខហួរ

ដកស្រង់ចេញពី វិទ្យុបារាំង RFI ផ្សាយជាភាសាខ្មែរ

លោក ហុង សុខហួរ ជាសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្សី ដែលបច្ចុប្បន្នដឹកនាំដោយលោក គង់ គាំ ។ មូលហេតុនៃការចាប់ខ្លួននេះ ត្រូវបាន ហ៊ុន សែន ចោទថា ជា "អំពើរក្បត់ជាតិ"។ សូមស្តាប់វិដេអូខាងក្រោមនេះ 
ប្រភពសំលេងពី RFI
គណបក្ស សម រង្សី ភ្លាមៗបានចេញសេចក្តីថ្លែងការណ៏ មួយចុះហត្ថលេខាដោយលោក គង់ គាំ ប្រធានគណបក្ស សម រង្សុី ច្រានចោលការចោទប្រកាន់របស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ជាមួយគ្នានោះលោក គង់ គាំ ក៏ព្យាយាមរកការជួបប្រជុំមួយជាមួយ នឹងលោក សាយ ឈុំ ដែលជា​ប្រធានព្រឹទ្ធសភា ដើម្បី​សម្របសម្រួល​សំណុំរឿង​លោក ហុង សុខ​ហួរ នេះហើយតាម ការផ្សាយរបស់ គេហទំព័រ ថ្មីៗ ។ 
ប្រភព៖ Facebook
ខាងក្រោមនេះជា ជាឯកសារ ពិត និង ឯកសារក្លែងក្លាយ ដែលជាមូលហេតុនាំទៅដល់ការ បញ្ជាអោយចាប់ខ្លួន លោក ហុង សុខហួរ។ តើអត្ថន័យ នៃឯកសារទាំង២នេះ មានខ្លឹមសារយ៉ាងណា សូមអោយមហាជន ពិចារណាដោយឧត្តមគតិផ្ទាល់ខ្លួន។ 
ប្រភព៖ Facebook 

ប្រភព៖ Facebook

Monday 10 August 2015

ក្រឹត្យកំណត់សមុទ្រដែនដី ឆ្នាំ១៩៥៧ ព្រះរាជក្រិត្យ

ដកស្រង់ចេញពី៖ សៀវភៅ គណៈកម្មាធិការព្រំដែនកម្ពុជា 
បោះពុម្ភលើកទី២ ដោយលោក ស៊ាន ម៉ាសាវ៉ាង 
អគ្គលេខាធិការ គណៈកម្មាធិការព្រំដែនកម្ពុជា 
ទំព័រ ៤០ 

លេខ-៦៦២- ន.ស
៣០-១២-១៩៥៧


ព្រះបាទ...............
បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ទ្រង់ត្រាស់បង្គាប់ដូចតទៅ៖ 
ប្រការមួយ ៖ ចម្ងាយដែនទឹកសមុទ្រប្រទេសខ្មែរ ត្រូវរាប់ចាប់ពីខ្មែរបន្ទាត់មូលដ្ឋានត្រង់ដូចបាន បញ្ជាក់ក្នុងផែនទី ដាក់ញ្ជាប់មកជាមួយព្រះរាជក្រិត្យនេះស្រាប់។ 
ប្រការពីរ ៖ ចម្ងាយដែនទឹកសមុទ្រខ្មែរ រាប់ចាប់ពីខ្សែបន្ទាត់ត្រង់ ដែលបានពោល ហើយនៅខាងលើនោះ ត្រូវកំរិតជា ប្រាំ មីលម៉ារ៉ំាង (មួយ មីលម៉ារ៉ំាង = ១.៨៥២ ម៉ែត្រ)។ 
ប្រការបី ៖ ចម្ងាយតំបន់ជាប់សមុទ្រដែនដី រាប់ចាប់ពីព្រំប្រទល់ដែនសមុទ្រខាងក្រៅ ត្រូវកំរិតជា ប្រាំពីរ មីលម៉ារ៉ំាង ។ 
ប្រការបួន៖ ចម្ងាយផ្ទៃខ្ពស់រាបបាតសមុទ្រ ត្រូវកំរិតតាមជំរៅ ៥០ ម៉ែត្រ ហើយព្រំប្រទល់ជំរៅទាំងនោះ គឺទុកសំរាប់ធ្វើជាព្រំប្រទល់ខាងក្រៅ របស់ខ្ពង់រាបបាតសមុទ្រខ្មែរ។ 
ប្រការប្រាំ ៖ ទៅខាងជើង និង ខាងត្បូង ការកំរិតព្រំប្រទល់ទឹកសមុទ្រខ្មែរ ជាមួយប្រទេសជិតខាងជាប់គ្នា ត្រូវធ្វើឡើងតាមបន្ទាត់ខ្សែគំនូស គូសពីកន្លែងព្រំប្រទល់ ដោយកាត់ជាកែងសំយុង ទៅរកបន្ទាត់មូលដ្ឋាន ដែលមានទាក់ទងស្របគ្នា។ 
ប្រការប្រាំមួយ ៖ ព្រះរាជក្រិត្យនេះគឺសំដៅចំពោះតែទៅលើ កោះត្រល់ (ភូកុក) ជាកោះដែលប្រទេសខ្មែរ ដាក់លក្ខខណ្ឌថាត្រូវរក្សាទុក នូវសិទ្ធិប្រវត្តិសាស្រ្ត។ 
ប្រការប្រាំពីរ ៖ ជាបណ្តោះអាសន្នដើម្បីអោយមាន ចរាចរ បានដោយសេរីនុះ ព្រំប្រទល់ទឹក រវាង កោះត្រល់ គឺ កោះភូកុក និង ដីគោក ត្រូវកំរិតតាមបន្ទាត់ តាល់វិក (Thalweg) គូសទៅតាមជម្រៅ ដែលបានធ្វើរួចហើយនៅលើផែនទី សេនាធិការរដ្ឋាននាវាចរខេមរភូមិន្ទ្រ ។ 
ប្រការប្រាំបី ៖ ផែនទី ដែលមានមាត្រដ្ឋានធំ ដាក់ភ្ជាប់មកជាមួយនឹងព្រះរាជក្រិត្យនេះ ទុកជាឧបករណ៏ សម្រាប់បញ្ជាក់ខ្សែបន្ទាត់នានា ដែលប្រការផ្សេងៗ បានពោលរួចមកហើយ ពីខាងលើនេះ។ 
ប្រការប្រាំបួន ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និង គមនាគមន៏ រដ្ឋមន្រ្តីក្រសួងការបរទេស ត្រូវទទួលតាមមុខងាររៀងៗខ្លួន ចាត់ការប្រតិបត្តិតាម ព្រះរាជក្រិត្យនេះ។ 

ដាក់ថ្វាយសុំព្រះហស្ថលេខា ព្រះករុណាជាម្ចាស់លើត្បូង
រដ្ឋមន្រ្តីក្រសួងសាធារណការ និង ទូរគមនាគមន៏ 
ហត្ថលេខា ៖ ទូច គិម 

ធ្វើនៅព្រះរាជវាំងយើងនៅក្រុមភ្នំពេញ
ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ១៩៥៧
ព្រះហស្ថលេខា ៖ ន. សុរាម្រិត

ដោយ
នាយករដ្ឋមន្រ្តី
ហត្ថលេខា ៖ សុិម វ៉ា

Sunday 9 August 2015

ប្រទេសវៀតណាម ទទួលស្គាល់ព្រំដែនប្រទេសកម្ពុជា

ដកស្រង់ចេញពី៖ សៀវភៅ គណៈកម្មាធិការព្រំដែនកម្ពុជា 
បោះពុម្ភលើកទី២ ដោយលោក ស៊ាន ម៉ាសាវ៉ាង 
អគ្គលេខាធិការ គណៈកម្មាធិការព្រំដែនកម្ពុជា 
ទំព័រ ៣៨

ភាគីរបស់សន្និបាតក្រុង ហ្សឺណែវ ឆ្នាំ ១៩៥៤ ស្តីអំពី ឥណ្ឌូចិន នៅត្រង់ចំណុច ១២ នៃសេចក្តីថ្លែងការណ៏ បានសន្យាថា និងគោរពច្បាប់ និង បូរណភាពទឹកដីខ្មែរ ហើយនឹងមិនចូលជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសនេះ។ ក៏ប៉ុន្តែនៅជាមួយការឈ្លានពាននៅ ប្រទេសវៀតណាម មានការធ្វើអន្តរាគម តាមកំលាំងយោធា នៅប្រទេសឡាវ ចក្រព័តអាមេរិកាំង ជាមួយនឹងរដ្ឋាភិបាលព្រៃនគរ និងរដ្ឋាភិបាលបាងកក បានរន្ថើនការគំរាមកំហែង មកលើឯករាជភាព និងអធិបតេយ្យភាព និង បូរណភាពទឹកដី ព្រះរាជាណាចក្រកម្ពុជា និង ឃុបឃិតគ្នាសំរាប់សើរើព្រំដែនសព្វថ្ងៃ។ ជាការជាក់ស្តែងដែលវាជាន់ឈ្លី កិច្ចព្រមព្រៀងហ្សឺណែវ ឆ្នាំ ១៩៥៤ ស្តីអំពីឥណ្ឌូចិន និង នៅភូមិភាគនេះនៃពិភពលោក។ 

នៅក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះប្រមុខរដ្ឋ សម្តេច នរោត្តម សីហនុ ប្រជាពលរដ្ឋខ្មែរធ្វើការតស៊ូប្រឆាំងនឹង ការដឹកនាំ និងការធ្វើវិភង្សិណា របស់ចក្រព័តអាមេរិកាំង ដើម្បីការពារប្រយោជន៏ ជាទីសក្ការៈ។ 

ប្រជាពលរដ្ឋ វៀតណាម មានឆន្ទៈគាំទ្រការតស៊ូ របស់ប្រជាជនខ្មែរដ៏ត្រឹមត្រូវនេះជានិច្ច។ 

នៅក្នុងការតស៊ូប្រឆាំងជាមួយសត្រូវរួមនេះ ចក្រព័តអាមេរិក និង អ្នកឈ្លានពានអាមេរិកាំង មិត្តភាពយ៉ាងស្និតស្នាល សាមគ្គីភាព រវាងប្រជាពលរដ្ឋវៀតណាម និងប្រជាពលរដ្ឋខ្មែរបងប្អូន បានពង្រឹង និង ពង្រីកខ្លាំងឡើងៗ ជារៀងរាល់ ថ្ងៃ។ 

ចេញពីនយោបាយដែលត្រូវធ្វើជាមួយ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវតែគោរព ឯករាជ្យភាព អធិបតេយ្យភាព អព្យាក្រឹតភាព និង បូរណភាពទឹកដីប្រទេសនេះ រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម សូមប្រកាសជា ឪឡារិកថា៖ 
  1. រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យវៀតណាម ទទួលស្គាល់ និងសន្យាថា គោរព ឯករាជ្យភាព អធិបតេយ្យភាព អព្យាក្រឹតភាព និង បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងដែនសព្វថ្ងៃនេះ ។ 
  2. រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យវៀតណាម ព្រមតាមសេចក្តីប្រកាសថ្ងៃទិ ៣១ ឧសភា របស់ គណកម្មាធិការកណ្តាល របស់រណសិរ្សជាតិ ដើម្បីរំដោះ វៀតណាមខាងត្បូង ដែលទទួលស្គាល់ព្រំដែនសព្វថ្ងៃ រវាង វៀតណាមខាងត្បូង និង ប្រទេសកម្ពុជា ។ 
រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យវៀតណាម ទទួលស្គាល់ព្រំដែននេះ ហើយសន្យាថា នឹង គោរព។ 

Saturday 8 August 2015

សេចក្តីសំរេច នៃ អគ្គទេសាភិបាល ប្រេវីយេ

ដកស្រង់ចេញពី៖ សៀវភៅ គណៈកម្មាធិការព្រំដែនកម្ពុជា 
បោះពុម្ភលើកទី២ ដោយលោក ស៊ាន ម៉ាសាវ៉ាង 
អគ្គលេខាធិការ គណៈកម្មាធិការព្រំដែនកម្ពុជា 
ទំព័រ ៣៦-៣៧ 


ក្រុងហាណូយ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ១៩៣៩

អគ្គទេសាភិបាលប្រទេសឥណ្ឌូចិន
Grand Officier de la Legion d'honneur
មកដល់ លោកទេសាភិបាលប្រទេស កូសាំងសុីន
ក្រុងព្រៃនគរ ។ 

កម្មវត្ថុ បណ្តាកោះនានា នៅក្នុង ឈូងសមុទ្រសៀម 

ខ្ញំុមានកិត្តិយស នឹងជម្រាបលោកថា ខ្ញុំទើបបានពិនិត្យជាថ្មីនូវបញ្ហា កោះនានានៅក្នុង ឈូងសមុទ្រសៀម ដែលមានការតវ៉ាពីសំណាក់ ប្រទេសកម្ពុជា និង ប្រទេសកូសាំងសុីន ក្នុងការទាមទារអោយបានជាម្ចាស់កោះទាំងនោះ។ 

ស្ថានភាពកោះជាចង្កោមដូច គ្រាប់ផ្គាំ ប្រឡេះដាច់រតាត់រតាយ នៅតាម ឆ្នេរសមុទ្រខ្មែរ ដែលភាគខ្លះឋិតនៅជិតឆ្នេរសមុទ្រនេះខ្លាំងណាស់ណ៎ាទៅ រហូតដល់នាំអោយនឹកគិតថា ដីដែលទឹកនាំយកមកចាក់បន្តៗ ដូចយ៉ាងសព្វថ្ងៃនេះ មុខជានឹងចាក់ជាប់មកច្រាំងខាងស្រុកខ្មែរ ក្នុងពេលអនាគតយ៉ាងខ្លី នេះបញ្ជាក់ប្រាប់ថា តាមការសមហេតុសមផល និង តាមភូមិសាស្រ្ត ផង មានការតម្រូវអោយបញ្ចូលកោះនោះ មកនៅក្រោមការត្រួតត្រា ប្រទេសហ្នឹង ។ 

ខ្ញុំយល់ឃើញថា មិនអាចទុកកាលៈទេសៈ ដែលបង្ខំបណ្តាជននៅលើកោះទាំងនោះ អោយធ្វើដំណើរកាត់សមុទ្រឆ្ងាយ ឬ វាងដែនដីខ្មែរ យ៉ាងយូរដើម្បីមកជួប រដ្ឋបាលកូសាំងសុីន តាមរបៀបហ្នឹងអង្វែងតទៅទៀតទេ ។ ដូច្នេះខ្ញុំ បានសំរេចថា កោះទាំងអស់នៅខាងជើងបន្ទាត់កាត់ ជាកែងសំយុងមួយ មករកឆ្នេរសមុទ្រដែលចេញមកពី ព្រំប្រទល់ប្រទេសខ្មែរ និង ប្រទេសកូសាំងសុីន ដោយមានមុំមួយមានកំរិត ១៤០ដឺក្រេ ជាមួយទិសជើង មេ៉រីឌ្យាង ស្របតាមផែនទីដាក់ជាប់មកនេះ អោយនៅក្រោមការត្រួតត្រារបស់ប្រទេសខ្មែរ ចាប់ពីពេលនេះតទៅ ។ ប្រទេសអាណាព្យាបាល នឹងទទួលបន្ទុកជាពិសេស ខាងផ្លូវតម្រួតកោះទាំងនោះ។

រូបភាព៖ ដកស្រង់ចេញពីអត្ថបទ យួនត្រូវ "ខ្ជាក់" កោះត្រល់យ៉ាងអាម៉ាស់
**** កោះទាំងឡាយនៅខាងត្បូងបន្ទាត់ ដោយរួមទាំង កោះភូកុក ទាំងមូលផង នឹងស្ថិតនៅក្រោមការត្រួតត្រារបស់ ប្រទេសកូសាំងសុីន ត្រូវអោយមានការយល់ថា បន្ទាត់បែងចែកនេះ នឹងវាង កោះភូកុក ផ្នែកខាងជើង ចម្ងាយ ៣ គីឡូម៉ែត្រ ពីចំណុចចុងបំផុតទៅខាងជើងកោះនេះ ។

រូបភាព៖ ដកស្រង់ចេញពី កំណត់ត្រាកោះត្រង់ ដោយលោកបណ្ឌិត សាយ បូរី
អំណាចផ្សេងៗខាងផ្នែក រដ្ឋបាល និង ខាងតម្រួត នៅលើកោះទាំងនោះ ត្រូវបានបែងចែករវាង ប្រទេសកូសាំងសុីន និង ប្រទេសខ្មែរ យ៉ាងនេះ អោយបានច្បាស់លាស់ ដើម្បីជៀសវាង ការតវ៉ាទាំងឡាយតទៅអនាគត។ 

សូមយល់អោយបានច្បាស់ថា នេះគឺនិយាយតែអំពីរឿង រដ្ឋបាល និង តម្រួត ទេ ចំណែកឯបញ្ហាទាក់ទងនឹងរឿងភ្ជាប់កោះទាំងនោះ ទៅនឹងដែនដីខាងណាៗ ត្រូវទុកវាជាមួយអន្លើសិន ជាដាច់ខាត។ 

សូមលោកមេត្តា រៀបចំចាត់ការផ្សេងៗទៅ ដើម្បីប្រតិបត្តិតាមសេចក្តីសម្រេច របស់ខ្ញុំអោយបានជាបន្ទាន់ ។ 

សូមលោកបញ្ជាក់ពីការទទួលសំបុត្រនេះ ទៅខ្ញុំវិញជាលាយល័ក្ខអក្សរ ។ 

ហត្ថលេខា ៖  ប្រ៊េវីយេ

ពិធីការស្តីពីការកំណត់ព្រំប្រទល់ និង ឧបសម្ព័ន្ធ នៃសន្ធិសញ្ញា ចុះថ្ងៃទី ២៣ មិនា ១៩០៧


ដកស្រង់ចេញពី៖ សៀវភៅ គណៈកម្មាធិការព្រំដែនកម្ពុជា 
បោះពុម្ភលើកទី២ ដោយលោក ស៊ាន ម៉ាសាវ៉ាង 
អគ្គលេខាធិការ គណៈកម្មាធិការព្រំដែនកម្ពុជា 


ដើម្បីសម្រួលដល់កិច្ចការគណៈកម្មការ ដែលបានគ្រោងទុកហើយតាម ប្រការបួន នៃសន្ធិសញ្ញាចុះ ហត្ថលេខា នាថ្ងៃនេះ និង ដើម្បីជៀសវាង ការលំបាក ដែលអាចនឹងកើតមានក្នុងការកំរិតព្រំប្រទល់ ន៎ុះ រដ្ឋាភិបាលបារាំង និង រាជរដ្ឋាភិបាលព្រះចៅប្រទេសសៀម បានព្រមព្រៀងចុះសម្រុងគ្នា ដូចតទៅ៖ 

មាត្រាមួយ ៖ ព្រំប្រទល់រវាងប្រទេសឥណ្ឌូចិនបារាំងសែស និង ប្រទេសសៀម ចាប់ផ្តើមចេញពីមាត់សមុទ្រ តាមចំណុចមួយនៅចំពីមុខ "កោះគុត" ត្រង់កំពូលខ្ពស់បំផុត។ វាចេញពីចំណុចនេះ ឆ្ពោះទៅទិស ឥឦសាន បន្តរហូតទៅដល់ កំពូលភ្នំក្រវាញ។ ត្រូវបញ្ជាក់ថា ទោះជាក្នុងករណីណាក៏ដោយ ជំរាលភ្នំនៅខាងកើតទាំងអស់នោះ មួយអន្លើ ដោយជល សីមា ខ្លងកោប៉ោ ត្រូវតែនៅជារបស់ ប្រទេសឥណ្ឌូចិនបារាំងសែស។ ព្រំប្រទល់នេះ បត់បែនតាម កំពូលភ្នំក្រវាញ តម្រង់ទៅទិលខាងជើងរហូតដល់ ភ្នំធំ លើបន្ទាត់ចែក ទឹក សំខាន់ទី១ រវាងស្ទឹងដែលហូរចាក់ទៅឈូងសមុទ្រសៀម និងស្ទឹងនានា ដែលហូរចាក់ទៅទន្លេសាប។ ចាប់ពីភ្នំមកព្រំប្រទល់នេះ តំបូងបង្អស់បែរតម្រង់ ទៅទិសពាយ័ព្យ រួចបានតម្រង់ទៅទិសខាងជើង ដែលជាព្រំប្រទល់បច្ចុប្បន្ន រវាងខេត្ត បាត់ដំបង មួយផ្នែក និង ព្រំប្រទល់ខេត្ត ចន្ទតាប៊ុន ជាមួយ ក្រាត មួយផ្នែកបន្តរហូតទៅដល់ចំណុច ដែលព្រំប្រទល់នេះកាត់ពុះ ស្ទឹងឈ្មោះ ណាយសាយ ។ ដូច្នេះវាត្រូវបត់បែនតាម លំបត់ស្ទឹង នេះរហូតទៅដល់កន្លែង ប្រសព្វមុខជាមួយ ស្ទឹង សេរីសោភ័ណ ហើយបន្តតាមស្ទឹងនោះឡើងទៅ ដល់ចំណុចមួយចំងាយ ១០ គីឡូម៉ែត្រ នៅខាងក្រោយ ក្រុង អារញ្ញ ។ ទីបំផុត ចាប់ពីចំណុចនេះទៅ វាបន្តជាបន្ទាត់ត្រង់ភ្លឹងរហូតទៅដល់ ចំណុចមួយនៅ ខ្នងភ្នំដងរែក ចំកណ្តាល ច្រកឈ្មោះ ចុងតាកោះ និង ចុងសាមេត ។ សូមបញ្ជាក់ថា បន្ទាត់ត្រង់នេះ ត្រូវទុកអោយមាន ផ្លូវបើកបរបាននៅក្នុងប្រទេសសៀម ក្នុងការទាក់ទងផ្ទាល់រវាង អារញ្ញ និង ចុងតាកោះ ។ ចាប់ពីចំណុចខាងលើនេះ នៅលើ កំពូលភ្នំដងរែក ទៅព្រំប្រទល់ ត្រូវបត់បែនតាមបន្ទាត់ចែកទឹក រវាងទំនាប (Bassin) ទន្លេសាប និង ទន្លេមេគង្គ មួយផ្នែក និង ទំនាប ទន្លេណាមមីន មួយផ្នែក ហើយចាក់ទៅដល់ ទន្លេមេគង្គ ពីខាងក្រោម ទន្លេ ប៉ាកមួន ត្រង់កន្លែងប្រសព្វមុខ ទន្លេហួយដូន ស្របតាមខ្សែបន្ទាត់ដែល គណៈកម្មាការកំរិតព្រំប្រទល់លើកមុន បានអនុម័ត កាលពីថ្ងៃទី ១៨ មករា ឆ្នាំ ១៩០៧ ។ ស្នាមគំនូសរូបរាង ស្តីពី ព្រំប្រទល់ខាងលើ មានដាក់ភ្ជាប់នៅនឹងពិធីការ នេះស្រាប់។ 

មាត្រាពីរ ៖ ពីខាង ទីក្រុងលួងប្រាបាង វិញ ព្រំប្រទល់នេះឃ្លាតចេញពី​ ទន្លេមេគង្គ ភាគខាងត្បូង ត្រង់កន្លែងប្រសព្វមុខ ទន្លេណាមហួង ហើយបត់បែនតាមផ្លូវនេះរហូតដល់ទីប្រសព្វវា នៅ ភូខាវមៀង ។ ចាប់ពីនោះទៅ ព្រំប្រទល់នេះបត់បែនទៅតាមបន្ទាត់បែងចែកទឹក រវាង ទន្លេមេកុង និង ទន្លេមេណាម ហើយចាក់ចូលទៅក្នុង ទន្លេមេគង្គ ត្រង់ចំណុចឈ្មោះ កេងថាដាយ ស្របទៅតាមខ្សែបន្ទាត់ ដែលគណៈកម្មការកំរិតព្រំប្រទល់មុន បានអនុម័តហើយ កាលពីថ្ងៃទី ១៦ មករា ១៩០៦

មាត្រាបី ៖ គណៈកម្មការកំណត់ព្រំប្រទល់ ដែលបានគ្រោងទុកហើយ ក្នុង ប្រការបួននៃសន្ធិសញ្ញាថ្ងៃនេះ នឹងត្រូសំរេចចិត្ត ហើយនឹងត្រូវគូស តាមពេលត្រូវការនៅលើដី នូវផ្នែកព្រំប្រទល់ដែលបានពោលរួចមកហើយ នៅក្នុង មាត្រាមួយ នៃពិធីការនេះ ។ ប្រសិនបើនៅពេលកំពុងប្រតិបត្តិការ កំរិតវាស់វែង រដ្ឋាភិបាលបារាំង ចង់បានសច្ចានុម័តិ ពីព្រំប្រទល់ក្នុងគោលបំណង នឹងយកបន្ទាត់តាមធម្មជាតិមកជំនួស បន្ទាត់ដែលបានសន្មត ន៎ុះ សច្ចានុម័តិនោះ មិនអាចធ្វើទៅបានឡើយ ទោះជាក្នុងករណីណាក៏ដោយ អោយតែមានការខូចខាត ប្រយោជន៏ប្រទេសសៀម ។ 

ជាភស្តុតាងនេះ បុណ្ណទូតនៃប្រទេសរៀងៗខ្លួន បានចុះហត្ថលេខា និង បានបោះត្រា នៅលើពីធីការ នេះស្រាប់។ 

ធ្វើជាពីរច្បាប់ នៅបាងកក ថ្ងៃទី ២៣ មិនា ឆ្នាំ ១៩០៧ 
ហត្ថលេខា៖ វ.កុល្លាំង (ដឺប្ល៉ង់សុី)
ឌេវវង្ស អរោប្រការ

ដើម្បីចម្លងចែក៖ 
ស៊ាន ប៉េងសែ

សន្ធិសញ្ញា បារាំង-សៀម ថ្ងៃ ២៣ មិនា ១៩០៧

 ដកស្រង់ចេញពី៖ សៀវភៅ គណៈកម្មាធិការព្រំដែនកម្ពុជា 
បោះពុម្ភលើកទី២ ដោយលោក ស៊ាន ម៉ាសាវ៉ាង 
អគ្គលេខាធិការ គណៈកម្មាធិការព្រំដែនកម្ពុជា 



សន្ធិសញ្ញាសំរេចនៅទីក្រុងបាងកក ពីថ្ងៃទី ២៣ មិនា ឆ្នាំ ១៩០៧ រវាងរដ្ឋាភិបាលសាធារណៈរដ្ឋ បារាំង និង រាជរដ្ឋាភិបាល ព្រះចៅប្រទេសសៀម (ធ្វើសច្ចានុម័តិ នៅទីក្រុងប៉ារីស នៅថ្ងៃទី ២១ មិថុនា ១៩៧)។ 

ប្រការមួយ ៖ រាជរដ្ឋាភិបាលប្រទេសសៀម បានផ្ទេរការគ្រប់គ្រងមកអោយ ប្រទេសបារាំងនូវ ដែនដី បាត់ដំបង សៀមរាប និង សេរីសោភ័ណ្ឌ ដែលមានកំរិតតាម មាត្រា២ នៃពិធីការ ស្តីពី ការកំរិតព្រំប្រទល់ ដាក់ភ្ជាប់មកជាមួយនេះស្រាប់។
ប្រការពីរ ៖ រដ្ឋាភិបាលប្រទេសបារាំង បានផ្ទេរ គ្រប់គ្រង ទៅឪ្យប្រទេសសៀម នូវដែនដី ដានសាយ និង ត្រាត ដែលមានព្រំប្រទល់ បញ្ជាក់តាម មាត្រា១ និង មាត្រា២ នៃពិធីការ នេះ មួយអន្លើដោយ កោះ នានា ខាងត្បូង ជ្រោយឡេមលឹង រហូតដល់ កោះគុត ក៏នៅក្នុងនោះផងដែរ។ 
ប្រការបី ៖ ការប្រគល់ដែនដីទាំងនេះ នឹងប្រព្រឹត្តទៅ ទាំងអស់គ្នា ទាំងសងខាងក្នុងកំឡុងរយៈពេល ២០ ថ្ងៃ បន្ទាប់ពីសន្ធិសញ្ញានេះ បានទទួលអោយសច្ចានុម័តិ។
ប្រការបួន ៖ គណៈកម្មការចំរុះមួយ ដែលមាននាយទាហាន និង អ្នករដ្ឋការបារាំង និង សៀម នឹងត្រូវបានចាត់តាំងឡើង ពីសំណាក់ប្រទេសគូភាគីទាំងពីរ ក្នុងកំឡុង៤ខែ បន្ទាប់ពីបានចុះអោយសច្ចានុម័តិលើសន្ធិសញ្ញានេះ ហើយទទួលបន្ទុកកំរិតព្រំប្រទល់ថ្មី។ គណៈកម្មការនឹងចាប់ផ្តើម ធ្វើការនៅពេលណាដែលឪកាសហុចអោយ ហើយបន្តធ្វើការអោយស្របទៅតាមពិធីការ កំរិតព្រំប្រទល់ដែលបានដាក់ភ្ជាប់ មកជាមួយសន្ធិសញ្ញានេះស្រាប់។
ប្រការប្រាំ ៖ បទបញ្ញាត្តិទាំងឡាយនៃសន្ធិសញ្ញាចាស់ កិច្ចព្រមព្រៀង និង អនុសញ្ញានានា រវាងប្រទេសបារាំង និង សៀម ណាដែលមិនបានកែប្រែ ដោយសន្ធិសញ្ញានេះ ត្រូវឋិននៅជាធរមានពេញបន្ទុក។

ធ្វើឡើងជាពីរច្បាប់ នៅទីក្រុងបាងកក
ថ្ងៃទី ២៣ មិនា ឆ្នាំ ១៩០៧ 
ហត្ថលេខា .  វ. កុល្លាំង (ដឺប្ល៉ង់សុី)
ឌេវវង្សេ វរោប្រការ

ដើម្បីចែកចំលង៖ 
ស៊ាន ប៉េងសែ

តើកម្ពុជាអាចយកបញ្ហាព្រំដែន ប្តឹងប្រទេសវៀតណាម ទៅតុលាការ ICJ ឬអត់?

លោក បណ្ឌិត សុខ ទូច និង លោកតំណាងរាស្រ្ត អ៊ុំ សំអាន បកស្រាយ
១-លោក សុខ ទូច បកស្រាយនៅក្នុង Hello VOA តាមប្រសាសន៏ផ្ទាល់ថា៖ 
ហេតុអ្វីយើងប្តឹងសៀមបាន? ពីព្រោះយើងមានសន្ធិសញ្ញា បារាំង-សៀម ហើយប្រទេសសៀម បានចុះហត្ថលេខា ជាមួយ ICJ ប៉ុន្តែ យួន អត់មានចុះហត្ថលេខាជាមួយ ICJ ទេ អញ្ចឹងមិនអាចប្តឹងយួនបានទេ ។ 
២-លោក តំណាងរាស្រ្ត អ៊ុំ សំអាន ដូចភ្ជាប់ក្នុងវីដេអូនេះស្រាប់

Video Source: Facebook 

មាត្រា ៣៦ នៃលក្ខន្តិកៈរបស់ ICJ ដែលចែងថា ត្រូវតែប្រកាសទទួលស្គាល់លក្ខន្តិកៈ យុត្តាធិការ របស់ ICJ ។ ភាគីនិមួយៗ អាចប្រកាសទទួលស្គាល់យុត្ថាធិការរបស់ ICJ ពេលណាក៏បានដែរ ឬ មិនប្រកាសក៏មិនអី ។ 
នៅក្នុងបញ្ជី បណ្តាប្រទេស ដែលប្រកាសទទួលស្គាល់ យុត្ថាធិការរបស់ ICJ គឺ គ្មានប្រទេសវៀតណាម គ្មានប្រទេសចិន និងគ្មានប្រទេស ថៃ ទេ។   ប៉ុន្តែ៖ 

  1.  នៅឆ្នាំ ១៩៦២ សម្តេចតា បានឈ្នះក្តីប្រាសាទព្រះវិហារ ជាមួយនឹងប្រទេស សៀម
  2. យួន គំរាមប្តឹង ចិន ទៅ ICJ ដែលប្រទេសទាំង ២ មិនបានទទួលយុត្តាធិការ របស់ ICJ ផង 
  3. ហ្វីលីពីន បានប្តឹង ចិន ទៅ ICJ រួចហើយ ។ បើ ចិន មិនទទួលស្គាល់ យុត្តាធិការ ICJ ផង ហេតុអី ហ្វីលីពីន ប្តឹង ចិនបាន ? 
  4. ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា ក៏បានប្តឹងអោយសើុរើ រឿងក្តីប្រសាទព្រះវិហារទៅ ICJ ដែរ តើថៃមិនបានទទួលស្គាល់ យុត្តាធិការ ICJ ផងហេតុអីរដ្ឋាភិបាលកម្ពុជាប្តឹងបាន? 
ធម្មនុញ្ញអង្គការសហប្រជាជាតិ មាត្រា ៩៣៖ សមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ គីជាភាគី នៃ លក្ចន្តិកៈ របស់ ICJ ។ 
ដូច្នេះ កម្ពុជាអាចយកបញ្ហាព្រំដែន ប្តឹងប្រទេសវៀតណាម ទៅតុលាការ ICJ បាន អាស្រ័យលើកម្ពុជា ចង់ប្តឹង ឬ អត់ ។

ជជែកដេញដោយគ្នា រវាង សុខ ទូច និង អ៊ុំ សំអាន


ដកស្រង់ចេញពី Hello VOA
០៨ សីហា ២០១៥
Source: VOA
សូមស្តាប់វិដេអូ និង សំលេង ប្រភពហ្វេសប៊ុក

ឯកសារ ត្រូវស្វែងរក និង ចំណុចត្រូវស្វែងយល់ 
១-ផែនទីឆ្នាំ១៩៦៤ ៎=> អង្គការសហប្រជាជាតិ រកមិនទាន់ឃើញ សូមអានលិខិតរបស់លោក Ban Ki-Moon
លោក សុខទូច បានហៅផែនទីឆ្នាំ១៩៦៤ ដែលដាក់តម្កល់នៅ UN ជាជំងឺប្រវត្តិសាស្រ្ត។ នៅពេលដែលអង្គការសហប្រជាជាតិ មកដល់ស្រុកខ្មែរ ពាក្យនេះនឹងត្រូវរំលាយចោល ហើយលោកមានផែនទីនៅនឹងដៃ ផែនទីនោះជាផែនទីប្តឹងរបស់ប្រទេសជិតខាង គឺ អាធេវគី និង សហរដ្ឋអាមេរិកដែលទំលាក់គ្រាប់បែក នៅឆ្នាំ១៩៦៤។ លោកបានហៅ ប្រវត្តិសាស្រ្ត អត់មានការពិតបន្លំខ្មែរ តៗ គ្នា។ សុខ ទូច ថាផែនទីឆ្នាំ១៩៦៤ មិនមែនផែនទីតំកល់ទេ គឺជាផែនទីប្តឹង ។ 
សុខ ទូច ថាបើសិន យកផែនទីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា២ នៅចន្លោះឆ្នាំ ១៩៣០ ដល់ ១៩៥៣ កម្ពុជា នឹងបាត់ទឹកដីមួយភាគធំទៅអោយវៀតណាម គឺ ដាក់ហ៊ូត សុខ ទូច និយាយថា ប្រហែលជារដ្ឋាភិបាលខ្លាចជជែកមិនឈ្នះភាគីវៀតណាម ចឹងទុកដើម្បីចចារជាមួយវៀតណាម ដើម្បីងាយស្រួល។ *** បើយកផែនទី ១៩៣៣ តែ ដាក់ហ៊ូត ធ្វើនៅឆ្នាំ១៩១៤។ ផែនទី ជាមួយកម្ពុជា និង ថៃធ្វើនៅឆ្នាំ ១៩០៤ ហើយបោះបង្គោលឆ្នាំ ១៩០៨ អញ្ចឹង ការប្រើផែនទីដូចចែងក្នុងរដ្ឋធម្មនុញ្ញ វាខុសជាមួយនឹងព្រំដែនខាង ប្រទេសថៃ ។ បើប្រផែនទី បោន ខ្នាត ១/១០០.០០០ គឺត្រូវបានតែ វៀតណាម ទេ តែខុសជាមួយនឹងថៃ ប្រើខ្នាត 1/200.000 ឡាវប្រើខ្នាត 1/300.000. 

ដីជំលោះជាមួយយួន ១៦ ហិតា នៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាដីខ្មែរ

ដកស្រង់ចេញពីវិទ្យុអាសុីសេរី 
ចុះផ្សាយ ថ្ងៃទី២២ ឧសភា ២០១៥ 


ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ព្រឹក​ថ្ងៃ​ទី ២២ ឧសភា នៅ​ភោជនីយដ្ឋាន​ បៃតង រាជធានី​ភ្នំពេញ លោក ម៉ៅ ពិសេស តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ផង បាន​បង្ហាញ​លទ្ធផល ចំនួន​៤​ចំណុច របស់​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​រក​ឃើញ​ កាល​ពី​ថ្ងៃ​ទី ១៧ ឧសភា បាន​បញ្ជាក់​​ថា៖ 
  1. ដោយ​សារ​ចន្លោះ​ពី​បង្គោល​ឡាក់​លេខ ៩៤ ទៅ​លេខ​៩៥ មាន​ចម្ងាយ​ឆ្ងាយ​ពី​គ្នា ហើយ​ពុំ​ទាន់​មាន​ការ​បោះ​បង្គោល​ធ្មេញ​រណា នៅ​ចន្លោះ​នេះ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​វៀតណាម ធ្វើ​ព្យុះ​ភ្លៀង​បាន​តាម​ចិត្ត។ចំណុច​ទី 
  2. វៀតណាម​ពិត​ជា​បាន​ចូល​បាញ់​ថ្នាំ​ពុល បំផ្លាញ​ដំណាំ​កសិកម្ម លើ​ដី​ខ្មែរ​ដែល​មាន​ទំហំ​ប្រមាណ​១៦ ហិកតារ​ពិត​មែន។ 
  3. ភាព​ខុស​គ្នា​នៃ​លក្ខណៈ​ភូមិសាស្ត្រ ការ​គ្រប់គ្រង​ដី និង
  4. ការ​ព្រមព្រៀង នៃ​ការ​បោះ​បង្គោល​ព្រំដែន គឺ​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​បាន​ប្រើប្រាស់​ផែនទី ដែល​យក​ចេញ​ពី​សន្ធិសញ្ញា​បំពេញ​បន្ថែម ក្នុង​ឆ្នាំ២០០៥។

អានបន្ថែម ទំព័រអាសុីសេរី

លោក វ៉ា គីមហុង ថ្លែងក្នុងថ្ងៃទី ៣ កក្កដា ឆ្នាំ ២០១៥

Video Source: Facebook
វីដេអូថត នៅទីស្តីការគណរដ្ឋមន្រ្តី
ថ្ងៃទី ៣ កក្កដា ២០១៥

លោក វ៉ា គីមហុង ប្រធានគណកម្មការធិការព្រំដែនកម្ពុជា បានថ្លែងនៅក្នុងសន្និសិទកាសែត ស្តីពីបញ្ហាព្រំដែនកម្ពុជា នៅទីស្តីការគណរដ្ឋមន្រ្តី ថា រាជរដ្ឋាភិបាលបានប្រើប្រាស់ផែនទី ដែលកម្ពុជាយកទៅតំម្កល់នៅអង្គការសហប្រជាជាតិ ឆ្នាំ ១៩៦៤ តាមព្រះរាជបញ្ជារបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ពេលនោះលោកជាព្រះប្រមុខរដ្ឋនៅឆ្នាំ ១៩៦៤។ 

លោក បានមានប្រសាសន៏ដោយសំដីផ្ទាល់ និង លើកផែនទីបង្ហាញផង ថា " ផែនទីនេះយើងបានយកមកពីសហរដ្ឋ អាមេរិក ពីអង្គការសហប្រជាជាតិ នេះជាផែនទីដែលយើងបានប្រគល់ទៅអោយគេ ហើយដែលយើងបានតំកល់នៅអង្គការសហប្រជាជាតិ ហើយដែលយើងបានយកមកវិញបន្ទាប់ពីយើងបានធ្វើការស្រាវជ្រាវ "

Official Letter From Ban Ki-Moon To Prime Minister Hun Sen
Date August 05, 2015
បើតាមលិខិតរបស់លោក Ban Ki-Moon អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជូនដំណឹងទៅ សម្តេច នាយករដ្ឋមន្រ្តីថា ផែនទីដូចបានរៀបរាប់ក្នុងលិខិតស្នើរសុំខ្ចីរបស់រដ្ឋាភិបាលនោះ មិនត្រូវបានរកឃើញនោះទេ។ មន្រ្តីអង្គការសហប្រជាជាតិបានរកឃើញតែផែនទីចំនួន ១៨ ផ្ទាំងដែលកម្ពុជាបានដាក់ប្តឹង ពីការទំលាក់គ្រាប់បែករបស់អាមេរិកតែប៉ុណ្ណោះ។ 
សំនួរ សួរថា៖ តើលោក វ៉ា គីមហុង ដូចបាននិយាយក្នុងវីដេអូនេះ បានផែនទីមកពីណា បើអង្គការសហប្រជាជាតិរកមិនឃើញផង?

My Document Blog

This Blog will be place to store the document I would like to read and search after all.

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...