Sunday 16 August 2015

សារលិខិត របស់ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើរថ្វាយអតីតព្រះមហាក្សត្រ ?

ប្រភព ៖ Facebook 
សូមបញ្ជាក់ថា ឯកសារនេះមិនមែនជាឯកសាររបស់ អាដមីនប្លកស្ពត ទេ។ អាដមីន បានដកស្រកឯកសារនេះចេញពី បណ្តាញសង្គម Facebook ។ អាដមីន មិនទទួលខុសត្រូវចំពោះគុណភាពនៃឯកសារ ថា តើជាឯកសារ ពិត ឬ ឯកសារប្រឌិត? អាដមីន បង្ហោះឯកសារនេះ ដើម្បីរក្សាទុកជាឯកសារ សំរាប់ការស្រាវជ្រាវ ជាបន្តបន្ទាប់នាពេលអនាគត នូវបញ្ហាទាំងឡាយពាក់ព័ន្ធ នឹងព្រំដែនកម្ពុជា។ 
Source : Facebook
អាមីន សូមចំលងចេញ ខ្លឹមសារទាំងស្រុង ពីសារលិខិតនេះ ដើម្បីងាយស្រួលក្នុងការអាន ៖

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
*******
រាជរដ្ឋាភិបាលកម្ពុជា
លេខ ៖ ១១៦ លស
សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ព្រះករុណាជាម្ចាស់ជីវិតលើត្បូង

ទូលបង្គំបានទទួលរួចហើយនូវព្រះរាជសារ ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០០ ដែលក្នុងនោះមានការលើកទូលថ្វាយព្រះករុណាថ្លៃវិសេស អំពី កង្វល់ចំពោះបញ្ហា ព្រំដែនកម្ពុជា-វៀតណាម ដែលដល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនាឆ្នាំ ១៩៧៩ ឆ្នាំ១៩៨២ និងឆ្នាំ១៩៨៥ រវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម។ 

ចំពោះបញ្ហានេះ ទូលព្រះបង្គំជាខ្ញុំផ្ទាល់ សូមព្រះរាជានុញ្ញាតទូលថ្វាយព្រះករុណាជាម្ចាស់ជីវិតតំកល់លើត្បូង ដូចមានខ្លឹមសារ តទៅ៖ 
  1. ក្រោយពីកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជំលោះកម្ពុជា នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ត្រូវបានចូលជាធរមាន ជាពិសេសខ្លឹមសារក្នុងចំណុចទី II មាត្រាទី ១ ត្រង់ចំណុច ឃ បានចែងថា បញ្ចប់សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយដែលមិនសមស្របទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលាយបាននៃដែនដី អាព្យាក្រឹតភាព និង ឯកភាពជាតិរបស់ខ្លួន គឺតាមទូលព្រះបង្គំជាខ្ញុំយល់ឃើញថា មានអត្ថន័យគ្រប់គ្រាន់តាមផ្លូវច្បាប់សំរាប់អនុវត្តន៏ទៅលើបណ្តាសន្ធិសញ្ញា ឬ  កិច្ចព្រមព្រៀងទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីខ្លឹមសារ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
  2. បន្ទាប់ពីបានបង្កើតឡើងនូវរាជរដ្ឋាភិបាលចំរុះ នាថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ការងារទំនាក់ទំនង និង សហប្រតិបត្តិការអន្តរជាតិ ជារួម ត្រូវបានពង្រឹងនិងពង្រីកអោយកាន់តែល្អប្រសើរក្នុងនោះ កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង ជាពិសេសជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានកែប្រែតាមរូបភាពថ្មី ឆ្លងតាមរយៈនៃការផ្លាស់ប្តូរទស្សនៈកិច្ចជាផ្លូវការ របស់គណៈប្រតិភូជានខ្ពស់ខាងនីតិបញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិ រវាងប្រទេសទាំងពីរកន្លងមក។ 
ផ្អែកតាមសភាពការណ៏បច្ចុប្បន្ន និងផ្អែកតាមយោបល់ទាំងពីរចំណុចដូចបានទូលថ្វាយខាងលើ ទូលព្រះបង្គំជាខ្ញុំយល់ឃើញថា រាជរដ្ឋាភិបាលពុំគួរដាក់ចេញសេចក្តីថ្លែងការណ៏ជាផ្លូវការ និង ចំហរស្តីអំពីការដាក់មោឃភាព នៃបណ្តាកិច្ចព្រមព្រៀង និង សន្ធិសញ្ញាមួយចំនួន ជាមួយប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះទេ ដោយទុកឪកាសជូន គណៈកម្មាការចំរុះព្រំដែនកម្ពុជា-វៀតណាម ដែលបានកំពុងនឹងបន្តធ្វើការចរចារយ៉ាងស្វិតស្វាញ រហូតដល់ទទួលបានលទ្ធផលល្អក្នុងទីបញ្ចប់ ។

ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាល សូមព្រះរាជានុញ្ញាតប្រសិទ្ធិពរថ្វាយព្រះករុណាថ្លៃវិសេស និង សម្តេចព្រះរាជអគ្គមហេសី ជាទីគោរពសក្ការៈ សូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឈ្លៀងឃ្លាតឡើយ។ 

សូមព្រះករុណាជាម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះរាជអគ្គមហេសីជាទីសក្ការៈ ព្រះមេត្តាទទួលនូវគាវរភក្តីដ៏ស្មោះ និង ការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ។ 
រាជធានីភ្នំពេញ,  ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០០
នាយករដ្ឋមន្រ្តី
ហ៊ុន សែន

No comments:

Post a Comment

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...