By Khmer HD
Personal Blog
ដកស្រង់ចេញពីសំណេរ លោក Veth OK
ចាប់ពីចំណុចនេះទៅ ខ្ញុំសូមនិយាយកាត់ខ្លីៗ........... ការជួបគ្នាលើកទីមួយនៅ Parkway យើងបានពិភាក្សារឿងរ៉ាវទូទៅជាច្រើន ជាពិសេសគំរោងការរបស់គាត់ ក្នុងការបង្កើតគណបក្សនយោបាយ។ ក្នុងពេលនោះយើងនិយាយចុះសម្រុងគ្នា ខ្ញុំមានអារម្មណ៍ស្និតស្នាល ជាមួយគាត់។ ខ្ញុំបានគិតជាច្រើនថ្ងៃ ថាត្រូវសំរេចចិត្តយ៉ាងម៉េច? ទីមួយ ស្ដាយអាជីពដែលបានខិតខំជាងម្ភៃឆ្នាំមកហើយនិង ទីពីរ គឺចង់ធ្វើកិច្ចការដ៏ធំធេងមួយសំរាប់មាតុភូមិ និ ងជូនជនរួមជាតិ។ ជាចុងក្រោយខ្ញុំសម្រេចចិត្តចូល រួមធ្វើនយោបាយ ហើយបោះបង់ការយកចិត្តទុកដាក់ ធ្វើការងារក្រសួង និង ឈានដល់ការលាឈប់។
យើងស្រុះស្រួលគ្នាបង្កើត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នេះឡើងដោយផ្តើមដំបូងមានគ្នា5-6 នាក់ប៉ុណ្ណោះ ខ្ញុំចាំបានថា មាន លោក ខឹម វាសនា លោក អុិត សារម្យ (អានលំអិត) អ៊ុំ ពឹងសយ ភរិយាគាត់អ៊ុំស្រី លីឆេងគី និងខ្ញុំ ព្រមទាំងមានអ្នកផ្សេង ខ្លះទៀតដែរ ដូច ជា សុខ ត្រសុំ (អានលំអិត) បង ស្រីពន្លក...........តែពួកគេមិនបានចូលពិភាក្សាលក្ខន្តិកៈ និង កម្មវិធីនយោបាយរបស់បក្សទេ។
ខ្ញុំនៅចាំបានថា ពង្រាងឯកសារទាំងនេះ គឺខ្ញុំជាអ្នករៀបចំ បើសិនជាខ្ញុំមិនច្រឡំទេនោះ។ ក្រោយឯកសារមូលដ្ឋានមានហើយអស់ស្នាមមេដៃ លោក ខឹម វាសនា បានរៀបចំស្ទើររួចរាល់ដែរ យើងត្រូវការលុយប្រមាណ 800$ ខ្ញុំបានលើកគំនិតថា យើងគួរចាប់ផ្តើបពន្យល់អ្នកជិតស្និត ពីគំនិតរបស់ពួកយើង និងដើម្បី អោយគេជួយឧបត្ថម្ភ ខ្ញុំប្រមូលបានប្រមាណ 300$ ខ្ញុំនៅចាំថា ពេលជួបពួកម៉ាកខ្ញុំៗ តែងប្រាប់គេថា "អញខ្មាស់ឯងណាស់ និង អញធ្វើមិនកើតទេ បើមកសុំ លុយឯងយកសំរាប់ខ្លួនអញ តែដើម្បីបុព្វហេតុឧត្តមគតិ មួយនេះអញធ្វើដោយពេញចិត្ត" ឯកសារបានបំពេញ ថវិកាសំរាប់ក្រសួងមហាផ្ទៃក៏មាន យើងបានបន្តការងារ រហូតក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការ។
ខ្ញុំសូមជំរាបថារាល់ការពិភាក្សាការងារ របស់ពួកយើង គឺធ្វើក្នុងបន្ទប់ដេករបស់លោកវាសនា ព្រោះមានម៉ាស៊ីនត្រជាក់ ក្រោយពីការទទួលស្គាល់របស់ក្រសួងមហាផ្ទៃរួចមក លោក ខឹម វាសនា បានជាប់ឈ្មោះជាប្រធានស្ថាបនិក និង បានស្នើអ៊ុំស្រី លី ឆេងគី ជាអនុ និងខ្ញុំជា អគ្គលេខា និងលោក អុិត សារម្យ ជាសមាជិក ។
ក្រោយមកក្នុងនាម អគ្គលេខា ខ្ញុំបានលើកសំណើរៀបចំ រចនាសម្ព័ន្ធបក្សជាដំបូងគឺ សមាជិកអចិន្រ្តៃយ៍ ពេលនោះ លោក ខឹម វាសនា បានលើកសំណើបញ្ចូលលោក សុខ ត្រសុំ (អានលំអិត) លោក ហេង សុវត្ថារ៉ា និងលោក ស៊ុយ សែនសីហៈ ដោយឡែក អ៊ុំ ពឹង សយ គាត់បានធ្វើការយ៉ាងសកម្ម និងបានឧបត្ថម្ភថវិកាជូនគណបក្ស យ៉ាងទៀងទាត់ និង មិនព្រមទទួលយកតួនាទីអ្វីទាំងអស់។ គាត់បានទទួលមរណភាពជាច្រើនឆ្នាំមកហើយ អ៊ុំ ជាមនុស្ស នឹងន ណាស់ មានបញ្ហាតានតឹងក្នុងចិត្ ខ្ញុំតែងសុំយោបល់ពីគាត់ អ៊ុំជាមនុស្សដែលខ្ញុំគោរព និងខ្ញុំចងចាំមិនភ្លេច។
ជាបន្តបន្ទាប់ យើងក៏ពង្រីកអោយមានគណៈកម្មាធិការនាយក ពួកគេទាំងនោះបានស្គាល់យើងតៗគ្នា និងអ្នកខ្លះស្គាល់តាមការស្ដាប់វិទ្យុកម្មវិធីអង្គការ TDO មូលហេតុដែលខ្ញុំចងចាំបាន ក៏ព្រោះតែរាល់ពេលប្រជុំ ទាំងអស់ខ្ញុំជាអ្នកកោះអញ្ជើញក្រោយពេលមានការ ឯកភាព ពីលោក ខឹម វាសនា រួច។ ខ្ញុំជាអ្នករៀបចំរបៀបវារៈ ហើយក៏ជាអ្នកធ្វើរបាយការណ៍ប្រជុំដែរ ធ្វើរបៀបនេះរហូតដល់ក្រោយសមាជលើកទីមួយ។
មានសំណួរលើកឡើងថា មូលហេតុអ្វីបានជាខ្ញុំសរសេរប្រវត្តិនេះ? ខ្ញុំសូមឆ្លើយយ៉ាងខ្លីថា៖ វាជាកាតព្វកិច្ចទទួលខុសត្រូវរបស់ខ្ញុំ ព្រោះពេលបង្កើតបក្សខ្ញុំបានចូលរួមពន្យល់ពលរដ្ឋ អោយចូលរួម ដូច្នេះដល់ពេលខ្ញុំចេញ ខ្ញុំក៏ត្រូវជំរាបពួកគាត់ ពីមូលហេតុដែលខ្ញុំចេញដែរ។ ចំណែកការសំរេចចិត្តយ៉ាងណា ជាសេរីភាពរបស់ពួកគាត់ទាំងអស់គ្នា។
ការសរសេររបស់ខ្ញុំសូមបញ្ចប់ដោយសង្ខបចុះ បើបងប្អូនមានចំងល់ចង់អោយខ្ញុំបញ្ជាក់រឿងអ្វីទៀត ខ្ញុំពេញចិត្តនឹងបញ្ជាក់ជូនតាមអ្វីដែលខ្ញុំនៅចងចាំ។ ជាថ្មីម្តងទៀតខ្ញុំសូមស្បថថា បើខ្ញុំមានចេតនា មួល បង្កាច់ឬ លាបព៌ណ ដូចក្រុមរបស់លោក ខឹម វាសនា ចោទខ្ញុំមែន សូមអោយរន្ទះបាញ់ឬឡានបុកស្លាប់ទៅចុះ។ ខ្ញុំមិនឆ្លើយឆ្លង នឹងសំណេរដែលប្រើភាសាប្រមាថ ថោកទាបនោះឡើយ តែបើប្អូននៅមានចំងល់ ឬមើលឃើញអ្វីដែលខ្ញុំសរសេរមានខ្វះចន្លោះ ឬជ្រុលហួស អាចសួរដេញដោលបាន ខ្ញុំយល់ថា អ្នកដែលខ្ញុំសរសេរពាក់ព័ន្ធទាំងនោះ គឺនៅមានជីវិតនៅឡើយ លើកលែងតែអ៊ុំប្រុស ពឹងសយ ។
សូមជូនពរអ្នកទាំងអស់។